ស្រ្តីវ័យ ៧៧ ឆ្នាំម្នាក់នៅថៃ ត្រូវគ្រូហុងស៊ុយអនឡាញបោក ទម្រាំដឹងខ្លួនអស់លុយជិត ២ លានដុល្លារ
ថ្មីៗនេះនៅក្នុងប្រទេសថៃកំពុងផ្ទុះករណីមួយថ្មី ដោយមានស្រ្តីចំណាស់វ័យ ៧៧ ម្នាក់ ចាញ់បោកគ្រូហុងស៊ុយអស់ដល់ទៅជិត ២ លានដុល្លារ ទើបផ្អើលឆោឡោភ្ញាក់ខ្លួនថាចាញ់បោកគេ។
តាមព័ត៌មានបានឱ្យដឹងថា ស្រ្តីចំណាស់ខាងលើជាមួយនឹងកូនស្រី បានឃើញគ្រូហុងស៊ុយម្នាក់នៅតាមអនឡាញកាលពីប៉ុន្មានថ្ងៃហើយ ក៏ចាប់ផ្តើមចាប់អារម្មណ៍ហៅឱ្យមកមើលនៅផ្ទះរបស់ខ្លួនតាំងពីខែកុម្ភៈ ឆ្នាំ ២០២៤ ហើយគ្រាន់តែមើលលើកដំបូង គ្រូហុងស៊ុយនោះបានទារលុយថ្លៃពិធី ថ្លៃវត្ថុមង្គលសរុប ១.៣ លានបាតទៅហើយ។
ក្រោយមកទៀត គ្រូហុងស៊ុយរូបនេះក៏ចេះតែណែនាំឱ្យធ្វើពិធីនេះពិធីនោះ ទិញវត្ថុមង្គលផ្សេងៗ មានទាំងម្សៅឆ្អឹងខ្មោច ការទិញដីទុកកប់សព និង រូបសត្វតោចំនួន ២ ទៀត។ ក្នុងនោះថ្លៃបំផុតគឺការទិញរូបចម្លាក់មកពីចិន ដែលមានតម្លៃរហូតដល់ទៅ ៣៨ លានបាត។
ស្រ្តីចំណាស់បានឱ្យដឹងថា ខ្លួនបានឱ្យលុយទៅកាន់គ្រូហុងសុយមុនជានិច្ច សរុបតាំងពីខែកុម្ភៈ រហូតដល់ខែតុលា គឺអស់ចំនួន ៦៦ លានបាត ដែលស្មើប្រមាណ ១.៩ លានដុល្លារឯណោះ ប៉ុន្តែវត្ថុមួយចំនួននៅមិនទាន់បានដល់ដៃ ហើយពិធីក៏មិនទាន់បានធ្វើ ដល់ពេលទៅសួរនាំស្រាប់តែគ្រូហុងស៊ុយក៏កើតការមួម៉ៅ ទើបដឹងខ្លួនថាត្រូវគ្រូនេះបោក ហើយក៏បាននាំកូនស្រីទៅដាក់ពាក្យបណ្តឹងតែម្តង៕
ប្រភព៖ AMARINTV