អបអរ! កញ្ញា ប៊ី សុធារី តំណាងខេត្តកំពង់ឆ្នាំង ឈ្នះមកុដ Miss Grand Cambodia 2024
នៅរាត្រីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៤ នេះ កម្មវិធីប្រកួតសម្រស់ដ៏អស្ចារ្យ Miss Grand Cambodia 2024 បានឈានដល់វគ្គប្រកួតផ្ដាច់ព្រ័ត្រ និង រកឃើញម្ចាស់ជ័យលាភីគ្រងមកុដ Miss Grand Cambodia ប្រចាំឆ្នាំ ២០២៤ នេះហើយ ដើម្បីតំណាងកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ។
ក្នុងរាត្រីវគ្គផ្ដាច់ព្រ័ត្រនេះដែរ តាមរយៈការផ្សាយបន្តផ្ទាល់លើផេក Miss Grand Cambodia បានធ្វើឱ្យមហាជនអ្នកគាំទ្រតាមដានវិស័យបវរកញ្ញាជាច្រើនរំភើប និង បង្ហាញការអបអរសាទរដោយក្ដីពេញចិត្តចំពោះម្ចាស់ជ័យលាភីគ្រងមកុដថ្មី Miss Grand Cambodia 2024 គឺបានទៅលើបវរកញ្ញាតំណាងខេត្តកំពង់ឆ្នាំង គឺកញ្ញា ប៊ី សុធារី។
ជាមួយម្ចាស់ជ័យលាភីគ្រងមកុដ ក្នុងនោះបេក្ខភាពជើងខ្លាំង ៤ រូបទៀតក៏ទទួលបានជ័យលាភីគាប់ចិត្តដែរ ដោយជ័យលាភីរងទី ១ បានទៅលើបវរកញ្ញាតំណាងខេត្តស្វាយរៀង , ជ័យលាភីរងទី ២ បានទៅលើបវរកញ្ញាតំណាងខេត្តសៀមរាប, ជ័យលាភីលំដាប់រងទី ៣ បានទៅលើបវរកញ្ញាតំណាងខេត្តរតនគិរី និង ជ័យលាភីលំដាប់រងទី ៤ បានទៅលើបវរកញ្ញាតំណាងខេត្តបាត់ដំបង៕