ពាក្យស្បថស្បែរបស់ HyunA ក្នុងថ្ងៃមង្គលការ កំពុងធ្វើឱ្យមហាជនប្រតិកម្មវែកញែកពេញបណ្ដាញសង្គម
កាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ តារាចម្រៀងស្រី HyunA និង គូដណ្ដឹង Yong Junhyung បានដឹកដៃគ្នារៀបមង្គលការតាមប្រពៃណីដោយមានការចូលរួមអបអរពីក្រុមគ្រួសារ និង មិត្តជិតស្និទ្ធពោរពេញដោយភាពរីករាយបំផុត។
កម្រងរូបភាពនៃទិដ្ឋភាពក្នុងថ្ងៃមង្គលការ រួមនឹងវត្តមានមិត្តរួមសិល្បៈចូលរួម បានទាក់ទាញចំណាប់អារម្មណ៍មហាជនជាច្រើន។ យ៉ាងណាមិញ ខណៈពិធីមង្គលការរបស់តារាចម្រៀងកូរ៉េមួយគូនេះកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងហើយនោះ ងាកមកពាក្យពេចន៍ស្បថស្បែរបស់តារាចម្រៀងស្រី HyunA ចំពោះស្វាមីក្នុងថ្ងៃមង្គលការនោះ ក៏កំពុងផ្ទុះចាប់អារម្មណ៍ និង វែកញែកព្រោងព្រាតលើបណ្ដាញសង្គមដូចគ្នា។
ជាក់ស្ដែងតាមការចេញផ្សាយរបស់សារព័ត៌មាន Yonhap News បានទម្លាយពាក្យសម្ដីរបស់កូនក្រមុំ HyunA ស្បថស្បែទៅកាន់ស្វាមី Junhyung ថា៖ «ខ្ញុំនឹងធ្វើជាប្រពន្ធម្នាក់ដែលដូចជាមិត្តភក្តិ ចូលរួមជាមួយស្វាមីខ្ញុំតាមចំណង់ចំណូលចិត្តអ្វីដែលគាត់ចង់ធ្វើ។ ជាមួយគ្នានេះ ពួកយើងនឹងរស់នៅប្រកបដោយភាពរីករាយ និង ពោរពេញដោយសុភមង្គល ដោយគ្មានការភ័យខ្លាចរាល់ពេលដែលភ្ញាក់ឡើងរាល់ព្រឹក»។
ពាក្យពេចន៍ស្បថស្បែប៉ុន្មានឃ្លារបស់ HyunA នេះដែរ បានធ្វើឱ្យមហាជនផ្ទុះប្រតិកម្មចំពោះចំណុចដែលនាងលើកឡើងថា «ចូលរួមតាមចំណង់ចំណូលចិត្តដែលប្ដីនាងចង់ធ្វើ» ដោយគ្រប់គ្នាចាប់ចំណុចនេះផ្ដោតពាក់ព័ន្ធទៅនឹងរឿងអាស្រូវ Burning Sun (ដែលជារឿងអាស្រូវជួញដូរផ្លូវភេទដ៏ល្បីកក្រើកនៅប្រទេសកូរ៉េខាងត្បូង ហើយ Junhyung ក៏មានឈ្មោះថាធ្លាប់ជាប់ពាក់ព័ន្ធដែរ)៕
ប្រភព៖ Koreaboo