នារីស្រស់ស្អាតម្នាក់ បង្ហាញមហិច្ឆតាចង់ទៅភពអង្គារ បង្កើតកូនជាកូនកាត់ភពក្រៅជាមួយ Elon Musk
នារីរូបស្រស់ម្នាក់ ថ្មីៗនេះកំពុងធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីរូបនាងបានបង្ហាញមហិច្ឆតាយ៉ាងធំក្នុងការផ្ដល់កំណើតដល់កូននៅលើភពអង្គារ។
ដូចដែលប្រិយមិត្តមួយចំនួនបានដឹងរួចមកហើយ មេធំក្រុមហ៊ុន SpaceX និង Tesla លោក Elon Musk បានបង្ហាញពីគម្រោងនៃការបញ្ជូនក្រុមអវកាសយានិកមួយក្រុមតូចធ្វើការហោះឆ្ពោះទៅកាន់ភពអង្គារជាមួយយាន Starship របស់លោកនៅចុងទសវត្សរ៍នេះ។ គម្រោងរបស់លោកមួយនេះដែរក៏បានទាក់ចិត្តទៅដល់ម៉ូដែល OnlyFans សញ្ជាតិស៊ុយអែតម្នាក់ឈ្មោះ Elsa Thora។
បង្ហាញខ្លួនចូលរួមកម្មវិធី The Kyle and Jackie O Show នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ នាង Elsa បានរៀបរាប់ប្រាប់កម្មវិធីពីមហិច្ឆតាប៉ុនប៉ងដ៏ធំមួយរបស់នាងក្នុងការផ្ដល់កំណើតដល់កូននៅលើភពអង្គារជាមួយលោក Elon Musk។ ម៉ូដែលស្រីវ័យ ២២ ឆ្នាំរូបនេះដែលបច្ចុប្បន្នកំពុងរស់នៅចក្រភពអង់គ្លេស បានថ្លែងប្រាប់ពិធីករកម្មវិធី Kyle Sandilands ពីមូលហេតុពីក្រោយក្ដីបំណងរបស់នាងថា៖
«ខ្ញុំពិតជាចាប់អារម្មណ៍ទៅលើខាងវិទ្យាសាស្ត្របែបច្នៃប្រឌិត (sci-fi) ដូច្នេះហើយខ្ញុំនឹងមិននិយាយថាទេក្នុងការរួមមេត្រីជាមួយពពួកអេលៀន ឬក៏ Elon នោះឡើយ ខ្ញុំគិតថាគាត់គឺអស្ចារ្យខ្លាំងណាស់ ខ្ញុំគិតថាគាត់ពិតជាពូកែកំប្លែងមែន។ ខ្ញុំស្រឡាញ់គាត់ ខ្ញុំគិតឃើញញឹកញាប់លើបណ្ដាញសង្គម X»។
ពិធីករដដែលបានសួរនាងទៀតថា តើនាងបានទាក់ទងទៅ Elon Musk ឱ្យបានដឹងពីក្ដីស្រមៃរបស់នាងមួយនេះហើយឬនៅ? ម៉ូដែលស្រីរូបស្រស់ Elsa មិនបង្អង់យូរក៏បានឆ្លើយតបវិញថា៖ «ខ្ញុំបាន tag គាត់ក្នុងការបង្ហោះរបស់ខ្ញុំលើបណ្ដាញសង្គម X ហើយខ្ញុំក៏បានធ្វើញត្តិមួយជូនទៅគាត់ផងដែរ»។ ជាមួយគ្នានោះដែរ ពិធីករម្នាក់ទៀតគឺលោក Jackie O Henderson បានសួរទៅកាន់នាងទៀតថា ហេតុអ្វីការពពោះកូនជាកូនកាត់ភពអង្គារនេះត្រូវតែជាលោក Elon Musk? នាង Elsa ក៏តបវិញថា៖ «គាត់ជាអ្នកជំនាញផ្នែកអវកាស ហើយក៏មានកូន ១២ នាក់រួចហើយដែរ អ៊ីចឹងគាត់ជាអ្នកជំនាញម្នាក់»។
គួរបញ្ជាក់ផងដែរថា លោក Elon Musk មានក្ដីស្រមៃចង់ឱ្យមានមនុស្ស ១ លាននាក់រស់នៅបង្កើតអាណានិគមលើភពអង្គារឱ្យបានត្រឹមឆ្នាំ ២០៥០ ហើយក្ដីសង្ឃឹមរបស់លោកមួយទៀតនោះ គឺចង់ឱ្យមនុស្សដែលទៅរស់នៅលើភពអង្គារទាំងនោះអាចបង្កកំណើតឱ្យកូនៗបន្ថែមទៀតលើភពនោះដោយផ្ទាល់ផងដែរ៕
ប្រភព៖ Dailymail