មុខកាមេរ៉ាលេងកំប្លែងឱ្យគេសើចសប្បាយ ស្មានមិនដល់ជីវិតក្រោយឆាក ឌីជេ កាកា មានរឿងបៀមទុក្ខគ្មានអ្នកដឹង
ច្រើនឆ្នាំមកនេះ ឌីជេ កាកា កាន់តែទទួលបានប្រជាប្រិយភាពពីបណ្ដាទស្សនិកជនកាន់តែច្រើនឡើង តាមរយៈកាយវិការ និង ពាក្យសម្ដីកំប្លែងស្ងួតរបស់លោក ធ្វើឱ្យតារាប្រុសរូបនេះ លេចវត្តមានចូលរួមសម្ដែងក្នុងខ្សែភាពយន្តខ្នាតធំជាច្រើន ព្រមទាំងកម្មវិធីកំប្លែងៗជាច្រើនរាប់មិនអស់ ដែលសុទ្ធសឹងតែទទួលបានការគាំទ្រពីទស្សនិកជន។
ជីវិតលើកញ្ចក់ទូរទស្សន៍មិនដូចជីវិតពិតទេ នៅចំពោះមុខកាមេរ៉ា ឌីជេ កាកា តែងសម្ដែង ក៏ដូចជានិយាយពាក្យសម្ដីកំប្លុកកំប្លែង ដើម្បីបម្រើដល់អារម្មណ៍ទស្សនិកជនឱ្យសើចសប្បាយបំភ្លេចអស់ទុក្ខកង្វល់ ខណៈជីវិតពិតក្រោយឆាករបស់តារាប្រុសរូបនេះវិញ ជួបរឿងបរាជ័យ ត្រូវគេមើលងាយមុខក្រោយមិនឱ្យតម្លៃ ត្រូវពឹងលើកម្លាំងញើសឈាមខ្លួនឯងទាំងស្រុងដើម្បីបន្តដំណើរទៅមុខទៀត។
ថ្មីៗនេះ ឌីជេ កាកា បានរៀបរាប់ពីជីវិតយ៉ាងកម្សត់នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា ៖ «ពេលជីវិតយើងបរាជ័យ សូមកុំមើលងាយខ្លួនឯង អ្នកដទៃមើលងាយយើងវាឃោរឃៅណាស់ទៅហើយ អ្នកមិនចាំបាច់ជាន់ខ្លួនេងថែមទៀតទេ ពេលដែលយើងបរាជ័យគឺខ្លួនឯង និង មនុស្សក្បែរខ្លួនយើង ជាមិត្តល្អ បំផុតសម្រាប់យើង គេបោះបង់យើងបាន តែយើងកុំបោះបង់ខ្លួនឯង បន្តដំណើរទៅមុខទៀត ទោះបីជា ដើរបានតែមួយកូនជំហានក៏ដោយ ប្រសើរជាងនៅស្ងៀមដេកចាំស្លាប់ដែរ»។
ការបង្ហោះរៀបរាប់ពីទុក្ខលំបាករបស់ ឌីជេ កាកា បានធ្វើឱ្យអ្នកគាំទ្រជាច្រើនផ្ទុះការអាណិតចំពោះលោក និង ស្មានមិនដល់ថា ក្រោយខ្នង តារាប្រុសរូបនេះជួបរឿងបរាជ័យបែបនេះឡើយ៕