ច្បាស់ការហើយ! Huang Xiaoming សារភាពថាបានទាក់ទងម៉ូដែលវ័យក្មេងម្នាក់ ក្រោយលែងលះនឹង Angelababy បាន ២ ឆ្នាំ
កាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅ តារាសម្ដែងប្រុស Huang Xiaoming បានធ្វើការបង្ហោះបញ្ជាក់ជាផ្លូវការពីទំនាក់ទំនងរវាងលោក និង ម៉ូដែលស្រី Ye Ke លើផេកផ្ទាល់ខ្លួនថា៖ «សុំទោសដែលធ្វើឱ្យមានការផ្ទុះផ្អើលលើប្រព័ន្ធអនឡាញជុំវិញរឿងរ៉ាវជីវិតផ្ទាល់ខ្លួនរបស់ខ្ញុំ។ សូមឈប់សង្ស័យទៀតទៅ។ Ye Ke និង ខ្ញុំពិតជាទាក់ទងគ្នាមែន»។
គួរឱ្យដឹងថា តារាសម្ដែង Huang Xiaoming ដាច់ចិត្តប្រកាសពីទំនាក់ទំនងស្នេហាជាសាធារណៈបែបនេះ ក្រោយមានប្រភពមួយចំនួនបានលើកឡើងថា លោក និង តារាម៉ូដែល Ye Ke បានចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយគ្នារួចហើយ។ បន្ថែមពីនេះ កាលពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅ ក៏មានការទម្លាយថា Ye Ke បានទៅជួបក្រុមគ្រួសារខាងប្រុសញ៉ាំអាហារពេលល្ងាចជាមួយគ្នា អំឡុងថ្ងៃបុណ្យសែនព្រះខែទៀតផង ទើបធ្វើឱ្យចចាមអារ៉ាមស្នេហារវាងបុគ្គលល្បីទាំង ២ បានក្លាយជាប្រធានបទដ៏ក្ដៅគគុកលើបណ្ដាញសង្គមចិន Weibo។
ដោយឡែកបើតាមសារព័ត៌មានចិន Sohu បានបញ្ជាក់ថា Huang Xiaoming ប្រកាសពីចំណងស្នេហាថ្មី ព្រោះតែមិនចង់ឱ្យគូស្នេហ៍ឈឺចិត្ត។ ពួកគេបានទាក់ទងស្រឡាញ់គ្នាមកជាង ១ ឆ្នាំហើយ ដោយ Ye Ke ជាញឹកញាប់តែងទៅជួប Huang Xiaoming ដល់កន្លែងថតថែមទៀត។
គួររំឭកថា មុនចាប់ផ្ដើមចំណងស្នេហាថ្មីជាមួយម៉ូដែលស្រីរូបស្រស់ តារាប្រុស Huang Xiaoming បានចាប់ដៃគ្នារៀបការជាមួយតារាស្រី Angelababy ដោយទទួលបានចំណងដៃកូនប្រុសម្នាក់ មុនសម្រេចចិត្តបញ្ចប់ចំណងអាពាហ៍ពិពាហ៍កាលពីខែមករា ឆ្នាំ ២០២២ កន្លងទៅ៕
ប្រភព៖ VN Express