កាន់តែក្ដៅគគុក! ក្រៅពីថៃ ជនរងគ្រោះរាប់រយនាក់ទៀតរបស់ iCon Group មាននៅឡាវ មីយ៉ាន់ម៉ា ជប៉ុន និង កម្ពុជាយើងដែរ
ករណីឆបោកបែបពីរ៉ាមីតនៃក្រុមហ៊ុន iCon Group ឥលូវនេះត្រូវបានបែកធ្លាយថាមានជនរងគ្រោះរាប់រយនាក់ផ្សេងទៀតនៅក្នុងប្រទេសឡាវ មីយ៉ាន់ម៉ា កម្ពុជា និង ប្រទេសជប៉ុន ខណៈចំនួនជនរងគ្រោះដាក់ពាក្យបណ្ដឹងក្នុងប្រទេសថៃបានកើនឡើងលើសពី ៥០០ នាក់ហើយ នេះបើតាមការចេញផ្សាយរបស់កាសែត The Nation Thailand។
កាលពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ ប៉ូលិសក្នុងប្រទេសថៃបានបញ្ជាក់ថា ចំនួនជនរងគ្រោះដែលបានដាក់ពាក្យបណ្ដឹងទៅកាន់ការិយាល័យស៊ើបអង្កេតកណ្ដាលពាក់ព័ន្ធនឹងការឆបោករបស់ក្រុមហ៊ុន iCon Group បានកើនឡើងដល់ជាង ៥០០ នាក់ហើយ ជាមួយនឹងការខូចខាតរហូតដល់ជាង ២០០ លានបាត។ ជនរងគ្រោះក្នុងប្រទេសថៃបានប្រាប់ទៅកាន់ប៉ូលិសថា ពួកគេត្រូវបានគេល្បួងឱ្យក្លាយជាឈ្មួញ ឬ អ្នកចែកចាយផលិតផលអាហារបំប៉នរបស់ក្រុមហ៊ុនខាងលើដោយសន្យាថាផលិតផលរបស់ពួកគេនឹងលក់ដាច់ខ្លាំង។ យ៉ាងណាមិញ ផលិតផលទាំងនោះគឺបរាជ័យលក់មិនចេញ ហើយបែរជាត្រូវគេប្រាប់ថាឱ្យជ្រើសរើសអ្នកចែកចាយបន្ថែមឱ្យធ្វើការក្រោមពួកគេដើម្បីឱ្យពួកគេអាចទទួលបានប្រាក់វិនិយោគមួយផ្នែកពីការកអ្នកចែកចាយថ្មីនោះ។
ជាមួយគ្នានោះដែរ អ្នកលេងបណ្ដាញសង្គមក្នុងប្រទេសថៃក៏បានធ្វើការបង្ហោះចែកចាយថា ជនរងគ្រោះពីការឆបោកនៃក្រុមហ៊ុន iCon Group នេះក៏មាននៅបណ្ដាប្រទេសជិតខាងមួយចំនួនផងដែរដូចជាប្រទេសឡាវ កម្ពុជា មីយ៉ាន់ម៉ា និង សូម្បីតែនៅប្រទេសជប៉ុនក៏មានជនរងគ្រោះដូចគ្នា។ ជាក់ស្ដែង អ្នកលេងបណ្ដាញសង្គមក្នុងប្រទេសថៃ បានចែកចាយកម្រងរូបភាព និង ឃ្លីបវីដេអូមួយចំនួននៃលោក Paul ដែលជាប្រធានធំនៃក្រុមហ៊ុន iCon Group បើកមុខជំនួញរបស់ខ្លួនក្នុងប្រទេសឡាវកាលពីប៉ុន្មានឆ្នាំមុន។ កម្មវិធីបើកមុខជំនួញក្នុងប្រទេសឡាវនោះដែរថែមទាំងមានការចូលរួមពីសំណាក់សិល្បករថៃល្បីៗដើម្បីជាការធានា និង ផ្ដល់ទំនុកចិត្តលើក្រុមហ៊ុនរបស់ខ្លួន។
តាមឱ្យដឹងក្នុងប្រទេសឡាវ ក្រុមហ៊ុន iCon Group បានរើសសមាជិកតំណាងចែកចាយដល់ជាង ១ ពាន់នាក់បូករួមទាំងសិល្បករក្នុងប្រទេសនោះផងដែរ។ ជាមួយគ្នានោះ សិល្បករថៃ ៣ នាក់ដែលឈ្មោះត្រូវបានចេញផ្សាយថាជាប្រធានក្រុមហ៊ុន ក៏ត្រូវបានឃើញទៅផ្សព្វផ្សាយឱ្យ iCon Group ក្នុងប្រទេសកម្ពុជា និង មីយ៉ាន់ម៉ាផងដែរ រួមទាំងបានឱ្យពលរដ្ឋក្នុងប្រទេសទាំងពីរវិនិយោគក្លាយជាឈ្មួញរបស់ក្រុមហ៊ុននេះទៀតផង។
ទន្ទឹមគ្នានេះ ស្ត្រីជនជាតិថៃម្នាក់រស់នៅប្រទេសជប៉ុនក៏បានទម្លាយប្រាប់ផេកហ្វេសប៊ុកដ៏ល្បីមួយថានាងក៏ត្រូវបានគេល្បួងឱ្យក្លាយជាប្រធានបណ្ដាញចែកចាយរបស់ក្រុមហ៊ុន iCon Group នេះដែរ ហើយនាងក៏បានណែនាំមុខជំនួញមួយនេះទៅជនជាតិថៃផ្សេងទៀតនៅជប៉ុន ប៉ុន្តែជាលទ្ធផលចុងក្រោយការវិនិយោគរបស់ពួកគេត្រូវបានខាតបង់ទៅវិញ។ នាងបានរៀបរាប់ថា ជនរងគ្រោះដែលត្រូវឆបោកទទួលបានប្រាក់ត្រឡប់ត្រឹម ៤ ពាន់បាតប៉ុណ្ណោះ ទាំងដែលម្នាក់ៗវិនិយោគធ្វើជាឈ្មួញឱ្យ iCon Group អស់ប្រាក់ ២៥ ម៉ឺនបាត៕
ប្រភព៖ The Nation Thailand