លុបហើយផុសថ្មី Miss Grand ភូកេត ថាច្រលំដៃដាក់រូបខុស នាងគ្មានចេតនាឌឺដងអីទេ
មុននេះបន្តិចមហាជនកម្ពុជាផ្ទុះការប្រតិកម្មយ៉ាងខ្លាំង ក្រោយ Miss Grand ភូកេត 2023 នាង Tia Li Taveepanichpan បានបង្ហោះរូបភាពមួយសន្លឹករបស់ខ្លួននៅក្នុង Story IG បង្ហាញពីរូបភាពកាត់តទង់ជាតិខ្មែរដាក់លើរូបសត្វទន្សង ដែលសត្វទន្សងនេះក្នុងភាសាថៃហៅថា ហៀ ជាសត្វដែលត្រូវបានគេប្រើប្រាស់ក្នុងពាក្យជេររបស់ភាសាថៃ ដូចដែលខ្មែរយើងប្រើប្រាស់សត្វឆ្កែក្នុងពាក្យជេរដែរ។
យ៉ាងណាមិញ ក្រោយរូបភាពកាត់តមានសត្វទន្សង និង ទង់ជាតិកម្ពុជាបានបង្ហោះប្រមាណជិតកន្លះម៉ោង Miss Grand ភូកេត 2023 ក៏បានលុបរូបនោះចេញវិញ ហើយបានបង្ហោះរូបថ្មីជាមួយការបានបន្ថែមអក្សរជាភាសាអង់គ្លេស ដែលមានន័យថា ៖ «ចំពោះអ្នកណាដែលធ្វើបែបនេះ គឺវាមិនល្អនោះទេ សូមបញ្ឈប់ការស្អប់ជាតិគ្នាទៅវិញទៅមក ទាំងដែលពួកយើងរស់នៅទ្វីបជាមួយគ្នា។ ចូរលើកទឹកចិត្តគាំទ្រ កុំឈ្លោះជាន់ពន្លិចជាតិដទៃ។ ចំពោះអ្នកគាំទ្រនៅកម្ពុជា នេះមិនមែនជាការពិតនោះទេ វាគ្រាន់តែជារឿងប្រឌិតឡើង ធ្វើឱ្យមានរឿងរ៉ាវប៉ុណ្ណោះ។ ខ្ញុំសុំទោស នឹងសង្ឃឹមថាអ្នកគាំទ្រនឹងចិត្តល្អជាមួយគ្នា ជៀសចៀងអំពើមិនគប្បី»។
លើសពីនោះ នាងបានបង្ហោះវីដេអូខ្លីនៅក្នុង Story IG មួយទៀតថា ខ្លួនច្រឡំផុសរូបនោះ ដោយមិនទាន់បានសរសេរអក្សរក្នុងន័យខាងលើឱ្យរួចរាល់។ ដូច្នេះនាងលុប និង ផុសជាថ្មី ព្រមទាំងសុំអភ័យទោសផងដែរ។
រូបភាពថ្មី អមនឹងសារខាងលើនេះ Miss Grand ភូកេត 2023 ហាក់ចង់បញ្ជាក់ថា រូបភាពមួយសន្លឹកដែលត្រូវបានកាត់តមានសត្វទន្សង និង ទង់ជាតិកម្ពុជានោះ មិនមែននាងជាអ្នកធ្វើទេ ពោលគឺមានអ្នកផ្សេងទៀត ហើយនាងចេញមកនេះចង់ប្រកាសឱ្យអ្នកកាត់តរូបនោះបញ្ឈប់សកម្មភាពនេះភ្លាម៕