តាមពិត ពិធីបុណ្យសែនក្បាលទឹក ឬ Zhongyuan Festival មានប្រវត្តិបែបនេះ
ពិធីបុណ្យសែនក្បាលទឹក ជាពិធីបុណ្យសំខាន់មួយសម្រាប់ប្រជាជនចិន ឬ អ្នកដែលកាត់សែស្រឡាយចិន ដោយពិធីនេះតែងប្រារព្ធនៅរៀងរាល់យប់ថ្ងៃទី ១៥ នៃខែទី ៧ ផ្អែកតាមប្រតិទិនបុរាណចិន។
ពិធីបុណ្យសែនក្បាលទឹកក៏បានជះឥទ្ធិពលមកដល់ប្រទេសកម្ពុជាផងដែរ ដោយនៅឆ្នាំនេះគេប្រារព្ធធ្វើឡើងនៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២២ ដោយមានការសែនព្រេន និងបួងសួងនានាទៅតាមជំនឿនៃគ្រួសារនីមួយៗ ជាពិសេសគ្រួសារដែលជាប់សែស្រឡាយចិន។
បើនិយាយពីប្រភពដើមនៃពិធីនេះវិញ គឺវាមានទៅតាមច្រើនប្រទេសខុសៗគ្នា ហើយសាច់រឿងក៏អាចមានខុស ឬស្រដៀងគ្នា ដោយពិធីបុណ្យសែនក្បាលទឹក មានឈ្មោះជាភាសាអង់គ្លេសថា Ghost Festival ឬឈ្មោះចិនថា Zhongyuan Festival (បុណ្យជុងយៀន)។
ហើយ Zhongyuan Festival នេះគឺវាមានសែស្រឡាយជាហូរហែ ជាពិសេសនៅតំបន់អាស៊ីដោយប្រារព្ធនៅថ្ងៃខែខុសគ្នា ហើយឈ្មោះខុសគ្នា ដូចជានៅកម្ពុជាយើងហៅថា «ពិធីបុណ្យភ្ជុំបិណ្ឌ» នៅប្រទេសជប៉ុនគេហៅថា «ពិធីបុណ្យ Obon» នៅប្រទេសកូរ៉េហៅថា «Baekjung» និងថៃហៅថា «Sat Thai»។
ចំពោះប្រវត្តិពិធីបុណ្យសែនក្បាលទឹក នៅប្រទេសចិន គេបានចែកជា ២ ប្រភព ទីមួយ ប្រភពមកពីសាសនាតាវ និង មួយទៀតគឺ សាសនាព្រះពុទ្ធ។
ចំពោះសាសនាតាវ បានលើកឡើងថាឈ្មោះ Zhong Yuan គឺបានមកពីទ្រឹស្តី Yuan ទាំង ៣ ដែលកើតចេញតាំងពីសម័យរាជវង្ស Tang មកម្ល៉េះ។ ដោយនាសម័យនោះ អ្នកដឹកនាំរាជវង្ស Tang គឺមានជំនឿខ្លាំងទៅសាសនា Tao ដែលគេជឿថាជោគវាសនាជីវិតមនុស្សគឺត្រូវបានគ្រប់គ្រងដោយអាទិទេពទាំង ៣ នោះគឺ
– Tian Guan Da Di អ្នកគ្រប់គ្រងនៃឋានទេវតា ឬ ឋានសួគ៌។
– Di Guan Da Di អ្នកគ្រប់គ្រងផែនដី និងបាបមនុស្ស។
– និង Shui Guan Da Di អ្នកគ្រប់គ្រងទឹក និងជួយសម្រួលគ្រោះថ្នាក់។
ហើយជារៀងរាល់ថ្ងៃទី ១៥ នៃខែទី ៧ នៅក្នុងប្រតិទិនបុរាណចិន ដែលត្រូវជាថ្ងៃកំណើតនៃអាទិទេព Di Guan Da Di អ្នកគ្រប់គ្រងផែនដី និងបាបមនុស្ស នឹងចុះមកឋានមនុស្សដើម្បីកត់ត្រារាល់អំពើល្អ និងអាក្រក់របស់មនុស្សគ្រប់គ្នាដែលបានប្រព្រឹត្ត។
បន្ថែមពីនេះ គេមានជំនឿថា អំឡុងនៃខែទី ៧ នេះដូចគ្នា ទ្វារឋាននរកនឹងបើកទ្វា ហើយខ្មោចអត់ឃ្លាននឹងត្រូវដោះលែងឱ្យត្រាច់ចរលើផែនដីក្នុងចំណោមមនុស្សដើម្បីស្វែងរកអាហារ។ ហេតុដូចនេះអ្នកដែលគោរពតាមសាសនាតាវ នឹងត្រូវរៀបចំសំណែនដើម្បីឧទ្ទិស និងសុំក្តីសុខ។ចំពោះអ្នកកាន់សីលគឺត្រូវចូលព្រះវិហារសុំធម៌ តាំងចិត្តឱ្យស្ងប់ លាងជម្រះរាល់បាប និងកិលេស ហើយធ្វើការបួងសួងសុំសេចក្តីសុខ និងការជៀសផុតពីអន្តរាយនានា។
ចំពោះសាសនាព្រះពុទ្ធវិញ គឺឥទ្ធិពលនៃជំនឿឥណ្ឌាបានជះមកដល់ប្រទេសចិន ដោយប្រភពចេញមកពីគម្ពីមហាយាន។ គេបានដំណាលថាស្ថិតក្នុងសម័យ Pravarana នៅពេលដែល Maudgalayayana ដែលមានឈ្មោះដើមកំណើតថា Kolita ជាមនុស្សជំនិតម្នាក់របស់ព្រះពុទ្ធបានសម្រេចការត្រាស់ដឹង បានប្រើអំណាចនោះដើម្បីស្វែងរកឪពុកម្តាយគាត់ដែលបានស្លាប់ទៅ។
ហើយទីបំផុត Maudgalayayana ក៏បានរកឃើញម្តាយគាត់ដែលស្លាប់បានកើតនៅក្នុងឋាន Preta (ខ្មែរយើងហៅថាប្រែត) ឬអាណាចក្រខ្មោចអត់ឃ្លាន។ ក្រោយឃើញម្តាយខ្លួនស្ថិតក្នុងសភាពស្គមស្គាំង សល់តែស្បែក និងឆ្អឹងសភាពមើលមិនយល់ Maudgalayayana ក៏បានយកបាយមួយចានមកឱ្យម្តាយបរិភោគ។
ប៉ុន្តែជាអកុសល នៅក្នុងឋានប្រែតនោះ ស្ត្រីជាម្តាយគឺមិនអាចបរិភោគបាយនោះបានឡើយ ដោយវាបានក្លាយជាដុំធ្យូងដែលឆេះរោលក្តៅ។ ហើយ Maudgalayayana ក៏បានទៅសុំជំនួយពីព្រះពុទ្ធ ដោយព្រះពុទ្ធទ្រង់ត្រាស់ពន្យល់ពីវិធីតែមួយដែលអាចជួយដល់មាតាបិតា ដែលបានស្លាប់ទៅ ហើយវិលវល់នៅក្នុងវាលវដ្តសង្សារជីវិតទាំង ៧ នោះគឺការថ្វាយអាហារដោយសុទ្ធចិត្ត ឬចេញពីទឹកចិត្តពិត ដោយប្រគេនទៅដល់ព្រះសង្ឃ ឬ សហគមន៍ជនកាន់សីលនៅឯទីវត្តអារាម។ ក្រោយមករាល់ពុទ្ធបរិស័ទដែលមានជំនឿលើព្រះពុទ្ធសាសនា ក៏បានអនុវត្តទំនៀមទម្លាប់នេះតរហូតដល់បច្ចុប្បន្ន៕
ប្រភព៖ SingaporeInfopedia