បេក្ខភាព MasterChef Cambodia ៣ រូប ក្នុងរដូវកាលទាំង ៣ អ្នកគាំទ្របំភ្លេចមិនបាន ព្រោះមានលក្ខណៈពិសេសដូចគ្នា
មកដល់ឆ្នាំ ២០២៤ នេះ កម្មវិធីប្រកួតធ្វើម្ហូបលំដាប់ពិភពលោក MasterChef Cambodia បានឈានមកដល់រដូវកាលទី ៣ ហើយ បន្ទាប់ពីរដូវកាលទី ១ និង រដូវកាលទី ២ បានស្វែងរកឃើញម្ចាស់ពានរួចរាល់។ ក្នុងពេលនេះរដូវកាលទី ៣ កំពុងតែបន្តដំណើរប្រកួតយ៉ាងក្តៅគគុក ដើម្បីស្វែងរកកំពូលចុងភៅអាចដណ្តើមបានពានរង្វាន់នោះ។
យ៉ាងណាមិញ ពីមួយរដូវកាលទៅមួយរដូវកាល កម្មវិធី MasterChef Cambodia តែងមានភាពប្លែកថ្មី ផ្ទុះការចាប់អារម្មណ៍ជានិច្ច។ ក្នុងនោះ មិនត្រឹមតែចាប់អារម្មណ៍ទៅកាន់បេក្ខភាពនីមួយៗលើចំណុចចម្អិនម្ហូបនោះទេ ប៉ុន្តែអត្តចរិតរបស់បេក្ខជនក៏ត្រូវបានអ្នកគាំទ្រចាប់ក្រសែភ្នែកដូចគ្នាដែរ។
ជាក់ស្តែង ថ្មីៗនេះ ក្រោយពីបានទស្សនាការប្រកួត MasterChef Cambodia រដូវកាលទី ៣ ហើយនោះ ស្រាប់តែធ្វើឱ្យអ្នកគាំទ្រនឹកដល់បេក្ខជន ២ រូបផ្សេងទៀត គឺអ្នកនាង លី សុផល បេក្ខជន MasterChef Khmer រដូវកាលទី ១ និង អ្នកនាង ញាន ចំរុង បេក្ខជន MasterChef Khmer រដូវកាលទី ២។
មូលហេតុដែលធ្វើឱ្យអ្នកគាំទ្រនឹកដល់ បេក្ខជន ២ រូប ក្នុងរដូវកាលទី ១ និង ទី ២ នោះ ព្រោះតែក្នុងរដូវកាលទី ៣ មានបេក្ខជនឆ្នើមមួយរូប គឺអ្នកនាង កែន វង្សច័ន្ទរស្មី ដែលកំពុងផ្ទុះការចាប់អារម្មណ៍ និង ត្រូវបានអ្នកទស្សនាដាក់ងារថា «កំពូលញ៉េញ» ហាក់មានអត្តចរិតស្រដៀងៗគ្នានឹងអ្នកនាង លី សុផល បេក្ខជន MasterChef Khmer រដូវកាលទី ១ និង អ្នកនាង ញាន ចំរុង បេក្ខជន MasterChef Khmer រដូវកាលទី ២។ ម្យ៉ាងវិញទៀត បេក្ខជនទាំង ៣ រដូវកាលនេះ ក៏ត្រូវបានអ្នកគាំទ្រដាក់ងារជាបេក្ខនារីកំពូលឆ្នាស់ផងដែរ៕