តូចចិត្តនឹងគេថាមុខដូចកែវណាម៉ា នារីជប៉ុនម្នាក់សន្សំលុយបានទៅវះកាត់ជាង ២០ ដង ចុងក្រោយបានលទ្ធផលស្មានមិនដល់
នារីជប៉ុនម្នាក់បានទម្លាយពីរឿងខ្សែជីវិតដ៏ជូរចត់មួយរបស់ខ្លួន ដែលត្រូវគេមើលងាយមុខមាត់រូបរាងតាំងពីក្មេង រហូតដល់នាងខំសន្សំលុយទៅវះកាត់កែសម្ផស្សជាង ២០ ដង រហូតប្រែប្រួលសម្រស់ក្លាយជាតារាម៉ូដែលមួយរូបដ៏ល្បី។
នារីរូបនេះមានឈ្មោះ Airi Hirase សព្វថ្ងៃនាងមានវ័យ ២៧ ឆ្នាំទៅហើយ។ កាលពីនៅពីក្មេងនាងត្រូវបានមនុស្សជុំវិញខ្លួនមើលងាយមុខមាត់ខ្លាំងណាស់ ជាពិសេសសូម្បីតែម្តាយរបស់នាងក៏មើលងាយនាងដែរ រហូតដល់នាងឈឺចាប់ពិបាកទ្រាំ សឹងតែសម្លាប់ខ្លួនម្តងៗ ប៉ុន្តែក្រោយមកនាងក៏បានងើបឈរ និង ព្យាយាមធ្វើគ្រប់យ៉ាងដើម្បីផ្លាស់ប្តូរមុខមាត់របស់ខ្លួន។
នៅពេលរៀនចប់វិទ្យាល័យ នាងក៏ចាប់ផ្តើមខំប្រឹងធ្វើការស៊ីឈ្នួលសព្វមុខ ដើម្បីសន្សំលុយយកទៅកែសម្ផស្ស រហូតដល់អាយុ ១៩ ឆ្នាំ នាងក៏សន្សំប្រាក់បានប្រហែលជាង ៧ ម៉ឺនដុល្លារ ហើយនាងក៏ដាក់ទុនប្រាក់ទាំងអស់ទៅលើការកែកុនមុខមាត់ និង ដើមទ្រូងរបស់នាង។
យ៉ាងណាមិញ ក្រោយពីកែរួចរាល់ប្រហែលជាង ២០ ដង សម្រស់របស់នាងបានផ្លាស់ប្តូរខ្លាំងណាស់ មើលទៅដូចជាមនុស្សពីរនាក់ផ្សេងគ្នា ធ្វើឱ្យនាងចាប់ផ្តើមមានទំនុកចិត្តលើខ្លួនឯង។ ក្រោយមកនាងក៏បានឡើងកម្មវិធីទូរទស្សន៍ ព្រមទាំងបានធ្វើការជាមួយនឹងប្រ៊េនល្បីៗ រហូតដល់មានអ្នកស្គាល់ និង គាំទ្រជាហូរហែ។ សព្វថ្ងៃនេះ នាងគឺជាតារាម៉ូដែលម្នាក់ មានឈ្មោះបោះសំឡេងល្បីខ្លាំងនៅលើបណ្តាញសង្គមក្នុងប្រទេសជប៉ុន ដែលមានអ្នកតាមដានជាង ១ លាននាក់ឯណោះ៕
ប្រភព៖ Sanook