នៅចាំបទ «រាត្រីនៅ Long Beach» ទេ? ឥលូវម្ចាស់បទគឺលោកស្រី មាស សុម៉ាលី វ័យជាង ៦០ ឆ្នាំកំពុងរស់នៅប្រទេសមួយនេះ
បើលើកយកបទចម្រៀង «រាត្រីនៅ Long Beach» មកជម្រាបជូនមហាជន ជាពិសេសយុវវ័យជាច្រើនក៏ធ្លាប់បានស្តាប់បទនេះហើយដែរ ដោយកន្លងមកមានតារាចម្រៀងស្រីជំនាន់ក្រោយជាច្រើនបានយកបទចម្រៀងនេះមកច្រៀងឡើងវិញជាហូរហែ។ ក្នុងនោះក៏មានមហាជនមួយចំនួនតូចអាចនឹងនៅចងចាំម្ចាស់សំនៀងដើមជាក់ជាមិនខាន ដោយម្ចាស់ដើមនៃបទ «រាត្រីនៅ Long Beach» នេះ គឺជាការបកស្រាយដោយអ្នកនាង មាស សុម៉ាលី។
ងាកក្រោយបន្តិច អ្នកនាង មាស សុម៉ាលី គឺជាតារាចម្រៀងល្បីល្បាញខ្លាំងក្នុងទសវត្សរ៍ ៨០ និង ៩០ ដោយអ្នកនាងមានបទចម្រៀងល្បីៗជាច្រើនដូចជា បទ «រាត្រីនៅ Long Beach» បទ «L.A ស្នេហ៍កម្ម» និង បទ «ប្រុសល្អភ្លេចខ្ញុំ» ជាដើម។
អ្នកនាង មាស សុម៉ាលី មានដើមកំណើតមកពីខេត្តកំពត និង បានចាកចេញទៅរស់នៅឯសហរដ្ឋអាមេរិកកាលអំឡុងឆ្នាំ ១៩៩៤។ បច្ចុប្បន្នម្ចាស់បទ «រាត្រីនៅ Long Beach» អ្នកនាង មាស សុម៉ាលី បានរៀបការរួចហើយ ដោយក្នុងឆ្នាំ ២០២៤ អ្នកនាងមានវ័យប្រមាណ ៦១ ឆ្នាំ ហើយដែរ។
លើសពីនោះ តារាចម្រៀងល្បីល្បាញជំនាន់ឆ្នាំ ៨០ និង ៩០ ខាងលើ នៅតែបន្តអាជីពជាតារាចម្រៀង ព្រមទាំងបើកសម្អាងការនៅទីក្រុង Long Beach រដ្ឋ California មានយីហោថា «មាស សុម៉ាលី សម្អាងការ»។
គួរឱ្យដឹងថា កន្លងមកអ្នកនាង មាស សុម៉ាលី រមែងមកលេងស្រុកកំណើតជារឿយៗផងដែរ ហើយជីវិតរស់នៅឯសហរដ្ឋអាមេរិកឯនោះវិញ អ្នកនាងក៏តែជួបនឹងសិល្បករ សិល្បការិនីកម្ពុជា ជាពិសេសអ្នកនាង អម្ពរ ទេវី ជាមិត្តភក្តិទៀតផង៕