ឡូយណាស់! អស់ពីល្បីលើសង្វៀនប្រដាល់ កូនទី ៣ របស់ស្តេចប្រដាល់ អេ ភូថង មានទីផ្សារថតពាណិជ្ជកម្មម៉ាកល្បីលំដាប់អន្តរជាតិទៀត
កីឡាករ អេ អាំម៉ារីនភូថង ត្រូវបានគេស្គាល់ថាជាកូនប្រុសទី ៣ របស់ស្តេចប្រដាល់កម្ពុជា អេ ភូថង ដែលកន្លងមកបានសាងកេរ្តិ៍ឈ្មោះល្បីល្បាញលើវិស័យគុនខ្មែរ រហូតរន្ទឺដល់ក្រៅប្រទេស។ ជាក់ស្តែង ដូចកាលពីឆ្នាំ ២០២៣ កីឡាករកម្ពស់ខ្ពស់រូបនេះ ធ្លាប់ទៅប្រកួតនៅស្រុកថៃ ៣ ដង ឈ្នះពីរដង ស្មើមួយដង ធ្វើឱ្យជនជាតិថៃស្គាល់ពេញប្រទេស និង ស្គាល់គុនខ្មែរផងដែរ។
ជាមួយភាពល្បីល្បាញ គួបផ្សំរាងខ្ពស់មុខមាត់សង្ហាផងនោះ ថ្មីៗនេះ កីឡាករ អេ អាំម៉ារីនភូថង ទទួលបានឱកាសធំមួយ ដោយបានក្លាយជាអ្នកតំណាងផ្សព្វផ្សាយឱ្យម៉ាកដ៏ល្បីរបស់ជប៉ុន។ ជាការពិត កាលពីថ្ងៃទី ១២ ខែកញ្ញា កន្លងទៅនេះ ស្ងាត់ៗ អាំម៉ារីន បានលេចមុខក្នុងកម្មវិធីសម្ពោធម៉ូតូ Honda ស៊េរីថ្មី ដោយបង្ហាញខ្លួនក្នុងនាមជាអ្នកតំណាងផ្សព្វផ្សាយឱ្យម៉ាកនេះ ជាពិសេស ធ្វើជាអ្នកតំណាងរួមគ្នានឹងតារាសម្តែងដ៏ល្បីនៅកម្ពុជា កញ្ញា មាន សូនីតា។
អាចថា នេះជាទីផ្សារមួយទៀតបន្ទាប់ពីកសាងកេរ្តិ៍ឈ្មោះនៅក្នុងវិស័យប្រដាល់។ មើលមិនឃើញ អេ អាំម៉ារីនភូថង អាចនឹងមានឱកាសរះល្បីល្បាញក្នុងពិភពសិល្បៈ ខណៈមុខមាត់ រាងរៅ និង សមត្ថភាព មិនចាញ់តារាផងនោះ៕