ភ័យខ្លាចបំផុតឆ្លងទន្លេ តែបើដឹងល្បិចទាំងនេះយកកូនប៉ុន្មានទៀតក៏លែងខ្វល់
ឱ្យតែនិយាយពីការឆ្លងទន្លេ ឬ សម្រាលកូន ស្ត្រីគ្រប់រូបដឹងតែមានអារម្មណ៍ភ័យខ្លាច ជាពិសេសស្ត្រីពពោះលើកដំបូង។ អាចថាវាជារឿងធម្មជាតិទៅហើយសម្រាប់មនុស្សស្រី តែដើម្បីឱ្យការសម្រាលកូនប្រកបដោយសុវត្ថិភាព និង មិនពិបាកខ្លាំង អ្នកម្តាយអាចស្វែងយល់ពីគន្លឹះប៉ុន្មានចំណុចនេះ។
១. គ្រប់គ្រងអារម្មណ៍
អារម្មណ៍ទាក់ទងទៅនឹងរាងកាយ បើអ្នកមានអារម្មណ៍ភ័យខ្លាច តឹងតែង ឬ មានសម្ពាធ វានឹងធ្វើឱ្យអ្នកគ្មានទំនុកចិត្តពិបាកដល់ការសម្រាល តែបើអ្នកធ្វើអារម្មណ៍ធម្មតាៗ វាមិនអី បន្តិចទៀតវានឹងរួចរាល់ ហើយគិតថាបន្ទប់សម្រាលជាកន្លែងផ្ទាល់ខ្លួនដែលផ្តល់នូវសុវត្ថិភាព នោះអ្នកនឹងសម្រាលប្រកបដោយជោគជ័យជាមួយអារម្មណ៍រំភើបពេលឃើញមុខកូន។ មួយវិញទៀត ការលើកទឹកចិត្តនៅថ្ងៃសម្រាលពីមនុស្សជុំវិញខ្លួន ជាពិសេសស្វាមី ក៏ជាទំនុកចិត្តមួយដ៏សំខាន់ជួយឱ្យអារម្មណ៍ធូរស្រាលផងដែរ។
២. ប្រើដង្ហើមរុញ
ការប្រើដង្ហើមប្រឹងរុញទារកឱ្យចេញមកក្រៅ អាចជួយសម្រួលទៅលើចំណុចមួយចំនួនដូចជា ៖ កាត់បន្ថយការឈឺចាប់ ជួយបង្កើនថាមពលដល់សាច់ដុំនៅតំបន់ឆ្អឹងត្រគាក និង ពោះ រួមទាំងសម្រួលការកើតឱ្យកាន់តែងាយស្រួល។ ចុះតើអ្នកត្រូវប្រើដង្ហើមរុញយ៉ាងដូចម្តេច? សម្រាប់ការដកដង្ហើមចូល អ្នកត្រូវស្រូបខ្យល់ចូលឱ្យពេញពោះដើម្បីឱ្យឆ្អឹងទ្រូង និង ពោះរីកឡើង ហើយទ្វារមាសក៏នឹងបើកស្របគ្នា។ បន្ទាប់មកដកដង្ហើមចេញបន្តិចម្តងៗ ដោយប្រឹងរុញខ្យល់បុកទៅខាងក្រោមផ្នែកទ្វារមាស។ ប្រឹងមួយៗ មិនត្រូវប្រើកម្លាំងអស់នោះទេ។ ពេលដកដង្ហើមចេញអ្នកអាចបញ្ចេញសំឡេង «អា» ឬ សំឡេងញ័រចេញតាមបបូរមាត់។ ព្យាយាមដេកសម្រួល ក្បាល ក និង ថ្គាម ដើម្បីជួយសម្រួលដល់ឆ្អឹងត្រគាក។ ដាក់ដៃម្ខាងក្រោមសុដន់ដើម្បីដឹងពីដង្ហើមចេញចូលពីន្លែងណាទៅកន្លែងណា។
៣. ឥរិយាបថនៃការសម្រាល
អ្នកម្តាយអាចសាកល្បងឥរិយាបថដេកដូចជា ដេកផ្អៀង លុតជង្គង់ផ្កាប់មុខដាក់កែងដៃទ្រ អង្គុយចោងហោង អង្គុយផ្អែកលើកជើង ឬ ដេកលើកជើង ជាដើម។ អ្នកអាចសាកល្បងឥរិយាបថទាំងនេះទុកជាមុន ហើយសម្រេចចិត្តជ្រើសរើសឥរិយាបថណាមួយដែលគិតថាងាយស្រួល និង មានអារម្មណ៍ល្អបំផុត។
៤. ហ្វឹកហាត់ផ្នែកខាងក្រោម
នៅអំឡុងពេលមានផ្ទៃពោះ អ្នកគួរហ្វឹកហាត់ដល់ផ្នែកពោះ និង ផ្នែកខាងក្រោមនៃឆ្អឹងត្រគាកដើម្បីបន្ថែមថាមពលខ្លាំងក្លានៅពេលសម្រាល។ ការហ្វឹកកាត់នេះមិនមែនសំដៅទៅលើការហាត់អង្គុយងើប លើកដៃ លើកជើង ឬ រត់នោះទេ គឺឱ្យអ្នកជំនាញបង្រៀនអ្នកអំពីការដកដង្ហើមឱ្យបានត្រឹមត្រូវ បង្រៀនការបង្កើនថាមពលទៅដល់សាច់ដុំពោះ និង ផ្នែកឆ្អឹងត្រគាក និង បង្រៀនបន្ធូរបន្ថយភាពតានតឹងនៃពោះ និង សាច់ដុំបរិវេណឆ្អឹងត្រគាក៕