ស្ញប់ស្ញែងបំផុត! អាយុទើប ១៥ ឆ្នាំ ចាន់មីសែល អានីកា កូនកាត់ខ្មែរ-អាមេរិក មានប្រវតិ្តដណ្ដើមជ័យលាភីជាច្រើនប្រកួត
ពិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ នឹងឈានចូលមកដល់ ខណៈវិញ្ញាសាខ្លះបានចាប់ផ្ដើមជាបណ្ដើរៗនៅទឹកដីកម្ពុជាយើង ដោយកម្ពុជាបើកទ្វាបើកបេះដូងធ្វើជាម្ចាស់ផ្ទះ ទទួលភ្ញៀវអន្តរជាតិ ក្នុងព្រឹត្តិការណ៍កីឡាដ៏ធំមួយនេះ។
កៀកថ្ងៃបើកកម្មវិធី ក៏ដូចជាកៀកថ្ងៃប្រកួតដែលខិតជិតមកដល់ មហាជនខ្មែរ បាននាំគ្នារំពឹងយ៉ាងមុតមាំនូវកីឡាករ និង កីឡាការិនីខ្មែរ ជាច្រើនរូបដែលអាចនឹងអាចយកមេដាយជូនជាតិបាន ដោយសារតែពួកគេធ្លាប់សាងភាពអស្ចារ្យលើឆាកអន្ដរជាតិ និងមានបទពិសោធជាច្រើនក្នុងព្រឹត្តិការណ៍កីឡាធំៗជាច្រើន។
ដោយឡែក ងាកទៅកាន់វិញ្ញាសាវាយកូនឃ្លីលើតុឯនោះវិញ ក៏បានប្រកួតបណ្តើរៗរួចហើយដែរ ហើយក្នុងនោះចំណោមកីឡាករ កីឡាការិនីជាច្រើន មហាជនក៏កំពុងតែចាប់អារម្មណ៍ខ្លាំងទៅកាន់កីឡាការិនីតំណាងកម្ពុជា ចាន់មីសែល អានីកា ជាកូនកាត់ខ្មែរ-អាមេរិក មានវ័យ ១៥ ឆ្នាំ ដែលកំពុងតែប្រឹងប្រែងយ៉ាងខ្លាំងក្នុងការប្រកួតតំណាងប្រទេសនេះ។
កុមារី ចាន់មីសែល អានីកា បានកើតនៅឯសហរដ្ឋអាមេរិក ដែលមានឪពុកជាជនជាតិខ្មែរ។ បើទោះជាកីឡាការិនីរូបនេះ កើតលើទឹកដីអាមេរិកក៏ពិតមែន ប៉ុន្តែ ចាន់មីសែល អានីកា បានលើកឡើងថា នាងក៏នៅតែជាជនជាតិខ្មែរ និង ប្តេជ្ញាក្នុងការចូលរួមដណ្តើមមេដាយដើម្បីកម្ពុជាផងដែរ។
កីឡាការិនី វាយកូនឃ្លីលើតុ ចាន់មីសែល អានីកា អាចចាត់ទុកថា ជាកីឡាការិនីមានវ័យ ១៥ ឆ្នាំ ដែលក្មេងជាងគេក្នុងចំណោមកីឡាករ កីឡាការិនីក្នុងការប្រកួតស៊ីហ្គេមនេះ។ ជាងនេះទៅទៀត ចាន់មីសែល អានីកា ធ្លាប់បានជ័យលាភីជាច្រើនក្នុងការប្រកួត វាយកូនឃ្លីលើតុ ក្នុងនោះរួមមាន ជ័យលាភីនៅប្រទេសអាមេរិក ជ័យលាភីលេខ ២ នៅប្រទេសអង់គ្លេស ក្នុងការប្រកួត International Children Game និង ជាម្ចាស់ជើងឯកលេខ ១ ក្នុងការប្រកួតវាយកូនឃ្លីថ្នាក់ជាតិនៅកម្ពុជា កាលពីឆ្នាំ ២០២១ ផងដែរ៕
រូបភាព៖ Cambodia 2023 & BTV