មិនសូវបង្ហាញមុខក្នុងសិល្បៈ សាយ រតនៈ ដកឃ្លាទៅសំងំធ្វើជាម្ចាស់ហាងនំខេក ២ កន្លែង
ប៉ុន្មានឆ្នាំចុងក្រោយនេះ ពិធីករ លោក សាយ រតនៈ ហាក់មិនសូវបង្ហាញមុខញឹកញាប់នៅលើឆាកតន្រ្តី ឬកម្មវិធីផ្សេងៗដូចកាលពីមុនឡើយ ខណៈកាលពីមុន គេចាំបានថាលោកតែងគឺជាពិធីករដ៏មានប្រជាប្រិយភាពមួយរូបប្រចាំប៉ុស្ដិ៍ទូរទស្សន៍ CTN និង MyTV ដែលមានសន្ទុះគាំទ្រហក់ឡើងខ្លាំងគួរឱ្យកត់សម្គាល់។
តាមការឱ្យដឹង ការដកឃ្លាពីអាជីពសិល្បៈរបស់ពិធីករ សាយ រតនៈ នេះ គឺលោកងាកមកពង្រឹងជំនួញផ្ទាល់ខ្លួន ដែលលោកបានបើកហាងនំខេកឈ្មោះ «The Cake 168» ដល់ទៅ ២ សាខាឯណោះ ដែលសាខាទី ១ ស្ថិតនៅទល់មុខប៉ុស្ដិ៍ទូរទស្សន៍ CTN ផ្ទាល់តែម្ដង ចំណែកឯសាខាទី ២ គឺលោកបានបើកនៅរង្វង់មូលជ្រោយចង្វារ។
ក្រៅពីបង្ហាញមុខជំនួញដែលកំពុងទទួលបានកាក់កប់ និង មានការគាំទ្រពីអតិថិជនហើយនោះ ពិធីកររៀមច្បងពោរពេញដោយបទពិសោធសិល្បៈរូបនេះ កម្របង្ហាញពីជីវិតឯកជនណាស់ ជាពិសេសពាក់ព័ន្ធនឹងជីវិតគ្រួសារ។ តែទោះជាយ៉ាងណា អ្នកគាំទ្រលោក សាយ រតនៈ ជាច្រើន នៅតែកោតសរសើរពីទេពកោសល្យ ថ្វីមាត់ និង ចំណេះដឹងរបស់លោកក្នុងនាមជាអ្នកសិល្បៈម្នាក់៕