ផ្ដាំតគ្នាផង! សមត្ថកិច្ច ចាប់ផ្ដើមអនុវត្ត ការដកពិន្ទុបណ្ណបើកបរ ដំណាក់កាលសាកល្បង ចាប់ពីថ្ងៃនេះហើយ
មន្រ្តីនគរបាល នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២២ នេះ បានចាប់ផ្តើមអនុវត្តន៍ ការដកពិន្ទុបណ្ណបើកបរ តាមគោលដៅសំខាន់ៗជាច្រើន ក្នុងរាជធានីភ្នំពេញ ក្នុងដំណាក់កាលសាកល្បង។
ទាក់ទិនទៅនឹងរឿងនេះ លោក អនុសេនីយ៍ឯក សេង សុផាត បានឱ្យដឹងថា តាមរយៈការសង្កេតរបស់លោក គោលដៅស្តុបបេកាសេ (ស្តុបអគារកាណាឌីយ៉ា) អ្នកបើកបរមួយចំនួន ល្មើសទៅនឹងភ្លើងសញ្ញាចរាចរណ៍ ត្រូវបានមន្រ្តីនគរបាលដកចំនួន ៣ ពិន្ទុ ក្នុងបណ្ណបើកបរ ខណៈដែលបណ្ណបើកបរមានពិន្ទុពេញសរុបចំនួន ១២ ពិន្ទុ ធ្វើឱ្យគាត់នៅសល់តែ ៩ ពិន្ទុ ខណៈទៅថ្ងៃមុខ បើសិនជាអ្នកបើកបរបន្តល្មើសច្បាប់ចរាចរណ៍មិនរាងចាលនោះ មន្រ្តីនគរបាល នឹងដកពិន្ទុជាបន្តបន្ទាប់រហូតដល់អស់ ដែលបណ្ណបើកបរនោះទុកជាមោឃៈ។
លោកអនុសេនីយ៍ឯក ខាងលើ បានបន្ថែមឱ្យដឹងថា ក្នុងការអនុវត្តសាកល្បងនេះ គឺជាការដកពិន្ទុពិតប្រាកដ ដែលជាការចាប់ផ្តើមពង្រឹងការគោរពច្បាប់ចរាចរណ៍របស់អ្នកបើកបរ បន្ថែមទៅនឹងការពិន័យអន្តរការណ៍ ស្របពេលដែល នៅរាជធានីភ្នំពេញ ការអនុវត្តនីតិវិធីនៃការដកពិន្ទុបណ្ណបើកបរនេះ គឺធ្វើឡើងព្រមៗគ្នា នៅ ២១ គោលដៅ។ ចំណែក បទល្មើសនៃការដកពិន្ទុ គឺមានដកចាប់ពី ១-៦ ពិន្ទុ អាស្រ័យទៅតាមប្រភេទបទល្មើស៕
ប្រភព និង រូបភាព ៖ ទូរទស្សន៍ជាតិកម្ពុជា