ក្ដៅគគុក! អ្នកឧបត្ថម្ភលុយខ្ទាស់ធំៗ ១-២ ម៉ឺនដុល្លារបោះឆ្នោតឱ្យ ដេត ស្រីនាឌ ចូល Top MPI 2024 ខកចិត្តខ្លាំង ពេលដឹងនាងធ្វើពហិកាមិនប្រកួត
នៅរាត្រីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ កម្មវិធីប្រកួត Miss Planet International 2024 នឹងឈានដល់វគ្គប្រកួតផ្តាច់ព្រ័ត្ររកឃើញម្ចាស់មកុដហើយ ខណៈកម្ពុជារំពឹងខ្ពស់ទៅលើ Miss Planet Cambodia 2024 កញ្ញា ដេត ស្រីនាឌ ដែលជាតំណាងឱ្យកម្ពុជា។
យ៉ាងណាវិញ ស្រាប់តែនៅព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដោយនៅសល់តែប៉ុន្មានម៉ោងទៀតកម្មវិធីនឹងដល់ការប្រកួតផ្តាច់ព្រ័ត្រ ស្រាប់តែ Miss Planet Cambodia 2024 កញ្ញា ដេត ស្រីនាឌ បានបង្ហោះសារ ធ្វើពហិកាមិនចូលរួមប្រកួត Miss Planet Cambodia 2024 ឡើយ។
ក្នុងនោះ ក្រោយពីឃើញសារបង្ហោះឡើងរបស់ ដេត ស្រីនាឌ អ្នកគាំទ្រកម្ពុជាមួយចំនួនបានសម្តែងការខកចិត្ត និង ខ្លះទៀតទទូចសុំឱ្យ ដេត ស្រីនាឌ បន្តតួនាទីតំណាងឱ្យកម្ពុជាឱ្យរួចរាល់សិន បើទោះជាមានរឿងអ្វីក៏ដោយ។
ដោយឡែក ក្រឡេកទៅមើលអ្នកលក់អនឡាញល្បីឈ្មោះ ២ រូប ដែលបានចំណាយថវិកាផ្ទាល់ខ្លួន រួមមានជំទាវឧកញ៉ា ម៉ែរួយ បានចំណាយប្រាប់ចំនួន ២ ម៉ឺនដុល្លារ និង អ្នកស្រី Oung Zellinich ចំណាយអស់ចំនួន ១ ម៉ឺនដុល្លារ ដើម្បីបោះឆ្នោតឱ្យ ដេត ស្រីនាឌ ចូលទៅកាន់ Top MPI 2024 បានចេញមុខបង្ហាញការខកចិត្តយ៉ាងខ្លាំង។
ក្នុងនោះ ជំទាវ ឧកញ៉ា ម៉ែរួយ បានរៀបរាប់ថា៖ «ឯណាទៅមុខមាត់ប្រទេស? ខកចិត្តជាខ្លាំង ថ្ងៃចុងក្រោយ ហេតុអ្វីមិនស៊ូដើម្បីប្រទេសជាតិ?»។ រីឯអ្នកស្រី Oung Zellinich បានរៀបរាប់៖ «ឯងខំចាយលុយទាំងបាច់ លើកមុខលើកមាត់ខ្មែរ ចុងបញ្ចប់ នៅតែឱ្យគេមើលងាយបាន»៕