ក្ដៅៗ លោក Joe Biden ប្រកាសដកខ្លួនពីបេក្ខជនឈរឈ្មោះប្រធានាធិបតីនាអាណត្តិហើយ ព្រោះបញ្ហាសុខភាព
កាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅនេះ លោក Joe Biden អ្នកដឹកនាំបច្ចុប្បន្នរបស់អាមេរិក បានប្រកាសឱ្យដឹងថា លោកនឹងដកខ្លួនចេញពីបេក្ខជនឈរឈ្មោះប្រធានាធិបតីអាណត្តិក្រោយនេះហើយ។
ការសម្រេចចិត្តនេះ បានធ្វើឡើងក្រោយពីសមាជិកក្នុងបក្ស ក៏ដូចជាមហាជនខាងក្រៅបានទាមទារឱ្យលោក Joe Biden ដកខ្លួនចេញពីបេក្ខជនឈរឈ្មោះប្រធានាធិបតី ដោយសារតែលោកមានបញ្ហាសុខភាពញឹកញាប់ ជាពិសេសនោះគឺលោកមានវ័យរហូតដល់ទៅ ៨១ ឆ្នាំទៅហើយ។
ក្នុងនោះដែរ លោក Joe Biden បានបង្ហើបសារយ៉ាងរំជួលចិត្តទៅកាន់ប្រជាជនរបស់ខ្លួនតាមរយៈគណនីបណ្តាញ Facebook ថា វាជាកិត្តិយសដ៏ធំបំផុតក្នុងជីវិតរបស់លោក ក្នុងការដែលបានធ្វើប្រធានាធិបតី ក្រោយពីការព្យាយាមឈរឈ្មោះដល់ទៅ ២ ដង។ លោកគិតថាវាជារឿងល្អបំផុតសម្រាប់បក្ស និង ប្រទេស ប្រសិនបើលោកមិនឈរឈ្មោះជាបេក្ខជនប្រធានធិបតីនៅអាណត្តិក្រោយ ហើយយកពេលវេលាមកបំពេញតួនាទីដែលនៅសល់ឱ្យបានល្អ។
យ៉ាងណាមិញ លោក Joe Biden ក៏បានលើកឡើងពីសមិទ្ធផល និង ស្នាដៃរបស់លោកផ្ទាល់ក្នុងនាមជាប្រធានាធិបតី ដែលមានរួមទាំងសេដ្ឋកិច្ច សុខុមាលភាព សមភាព ច្បាប់ស្តីពីអាកាសធាតុជាដើម។ លោកក៏បានថ្លែងអំណរគុណដល់ប្រជាជនអាមេរិកដែលបានខិតខំប្រឹងប្រែងក្នុងយុទ្ធនាការបោះឆ្នោតរបស់លោក រួមទាំងថ្លែងអំណរគុណដល់លោកស្រី Kamala Harris អនុប្រធាន ដែលបានធ្វើការជាមួយលោកនាពេលកន្លងមកផងដែរ៕