ស្ត្រីជប៉ុនល្បីរឿងធ្វើម្ហូប និង រស់នៅក្នុងបន្ទប់ជួលសែនគគ្រិច ត្រូវម្ចាស់ផ្ទះដេញចេញហើយ ព្រោះអត់បង់ថ្លៃឈ្នួល
ស្ត្រីជនជាតិជប៉ុនម្នាក់មានគណនី TikTok ឈ្មោះ @shirokumatyandaisuki1999 បច្ចុប្បន្នកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងជាមួយវីដេអូនៃការរស់នៅ និង ចម្អិនម្ហូបអាហារប្រចាំថ្ងៃរបស់នាងដែលមានលក្ខណៈខុសប្លែកពីអ្នកផលិតមាតិកាម្ហូបល្បីៗទូទៅ។
ជាទូទៅ អ្នកផលិតមាតិកាម្ហូបភាគច្រើនតែងតែបង្ហាញវិធីសាស្ត្រ ក៏ដូចជាមុខម្ហូបប្លែកៗទាក់ទាញដើម្បីទាក់អារម្មណ៍អ្នកទស្សនា ប្លែកអីតែស្ត្រីជនជាតិជប៉ុនរូបនេះ បង្ហាញវីដេអូធ្វើម្ហូបដែរប៉ុន្តែក្នុងស្ថានភាពគគ្រិចកខ្វក់ខ្លាំងគួរឱ្យខ្ពើមរអើម។ ជាក់ស្ដែងក្នុងវីដេអូបានបង្ហាញឱ្យឃើញស្ថានភាពនៃកន្លែងរស់នៅរបស់នាងគឺពោរពេញដោយសំរាមគ្រប់កន្លែង មានរុយមានកន្លាតរោមដេរដាសប្រៀបដូចបន្ទប់គេបោះបង់ចោល។ វីដេអូរបស់នាងនេះដែរគឺទទួលបានការចូលមើលច្រើនខ្លាំងមែនទែនរហូតដល់រាប់លានដងឯណោះ។
យ៉ាងណាមិញ ស្ថានភាពជីវិតរបស់នាងនៅពេលនេះហាក់ធ្លាក់ចុះមួយកម្រិតទៀត ដោយតាមការបញ្ជាក់ពីស្ត្រីខាងលើផ្ទាល់តាមបណ្ដាញសង្គម X នាងបានរៀបរាប់ថាឥលូវម្ចាស់ផ្ទះបានដេញនាងចេញលែងឱ្យនៅហើយព្រោះតែនាងមិនបានបង់ថ្លៃឈ្នួលរយៈពេលជិត ២ ឆ្នាំ។ ការបណ្ដេញចេញនេះហាក់ដូចជាមិនធ្វើឱ្យនាងសោកស្ដាយអ្វីឡើយ ដោយនាងនៅធ្វើធម្មតា និង ថែមទាំងថតរូបភាពខាងមន្ត្រីពាក់ម៉ាស់មករើរបស់របរនាងចេញពីអគារទៀតផង។
មហាជនជាច្រើនបាននាំគ្នាបញ្ចេញមតិដោយលើកឡើងថាម្ចាស់ផ្ទះចិត្តបុណ្យណាស់ទៅហើយដែលឱ្យនាងរស់នៅបន្តរាប់ឆ្នាំខែដោយគ្មានបង់ប្រាក់បែបនេះ។ បច្ចុប្បន្នរូបនាងកំពុងស្នាក់នៅបណ្ដោះអាសន្នក្នុងសណ្ឋាគារ ប៉ុន្តែស្នាក់នៅបានយូរប៉ុណ្ណាមិនទាន់អាចសន្និដ្ឋានបានឡើយ៕ ទស្សនាវីដេអូនៅទីនេះ