មនុស្សស្រីខឹងកម្រិតណាក៏ដោយ តែពេលឮពាក្យមនុស្សប្រុសប៉ុន្មានម៉ាត់នេះ ទន់ឆ្អឹងឈប់ខឹងមួយរំពេច
នៅក្នុងរឿងស្នេហាមនុស្សពីរនាក់ស្រឡាញ់គ្នា មិនមែនមានតែរឿងល្អៗ ឬ ផ្អែមល្ហែមនឹងគ្នារហូតនោះទេ ព្រោះមានរឿងជាច្រើនដែលមនុស្សពីរនាក់ស្រឡាញ់គ្នាត្រូវជួប ពេលខ្លះខឹង ឬ ឈ្លោះគ្នានូវរឿងដដែលៗក៏មាន។
យ៉ាងណាមិញ មនុស្សស្រីនៅពេលខឹងនឹងដៃគូ គ្រាន់តែខាងប្រុសនិយាយពាក្យប៉ុន្មានម៉ាត់នេះសោះ ដឹងតែទន់ឆ្អឹងទន់ចិត្តបាត់ខឹងគេហើយ។ អ៊ីចឹង! មកដឹងថាមនុស្សប្រុសប្រើពាក្យសម្ដីបែបណាលួងលោមមនុស្សស្រីឱ្យឆាប់បាត់ខឹង។
១. បងសុំទោស
ទោះពិបាកនិយាយថាបងសុំទោសយ៉ាងណាក៏ដោយ តែបើមិត្តស្រីខឹងហើយមនុស្សប្រុសតែងនិយាយថា បងសុំទោស បងសុំទោសពិតមែន បងឈប់ធ្វើបែបនេះហើយ មនុស្សស្រីឮតែប៉ុណ្ណឹងក៏ចិត្តទន់ភ្លាម។
២. ឈប់ខឹងបងទៅ បងសន្យាមិនឱ្យមានលើកក្រោយទេ
មនុស្សប្រុសដឹងច្បាស់ណាស់ថាមិត្តស្រីរបស់ខ្លួន ឬ មនុស្សដែលខ្លួនស្រឡាញ់កំពុងតែខឹង តែប្រើពាក្យថា ឈប់ខឹងបងទៅ បងសន្យាមិនឱ្យមានលើកក្រោយទេ។ ឯមនុស្សស្រីកាលណាឮពាក្យសន្យាចេញពីមាត់មនុស្សដែលខ្លួនស្រឡាញ់ ទោះកំពុងខឹងយ៉ាងណាក៏ទន់ចិត្តខ្លះដែរ។
៣. បងគ្មានអ្នកផ្សេងក្រៅពីអូនទេ
យ៉ាងណាក៏បងគ្មានអ្នកផ្សេងក្រៅពីអូនដែរ មានតែអូនម្នាក់បងគ្រប់គ្រាន់ហើយ និយាយទៅគឺមានតែអូនម្នាក់គត់ ដែលសម្ដីផ្អែមបែបនេះតែងធ្វើឱ្យមនុស្សស្រីឆាប់បាត់ខឹងលឿនណាស់ ហើយទន់ចិត្តមួយរំពេច។
៤. បងស្រឡាញ់តែអូនម្នាក់
ពាក្យថាស្រឡាញ់មិនងាយនិយាយចេញមកទេ តែពេលលួងគេម្ដងៗចេញមកអស់ហើយ សុទ្ធតែបងស្រឡាញ់ បងមានតែអូនម្នាក់ ដែលសម្តីបែបនេះអ្នកណាមិនរំភើប បើអ្នកខ្លះស្រឡាញ់គ្នាច្រើនឆ្នាំហើយមិត្តប្រុសមិនសូវនិយាយថា ស្រលាញ់ផង ដល់ពេលនិយាយម្ដង ទោះខឹងយ៉ាងណាក៏ទន់ចិត្តឈប់ខឹងដែរ។
៥. ស្អែកបងជូនដើរលេង និង ទិញអីវ៉ាន់
បើនិយាយថា អូនចង់បានអី ឬ ស្អែកបងជូនដើរលេង ទោះខឹងក៏លែងខឹងដែរ យូរៗគេលួងយើងម្ដងហៅទៅដើរលេងផង ទិញអីវ៉ាន់ផង ដឹងតែចិត្តទន់លឿនណាស់ កាន់តែល្អនៅពេលមនុស្សប្រុសប្រើពាក្យទាំងនេះ ដើម្បីលួងនាងឱ្យបាត់ខឹង ព្រោះពេលខ្លះមនុស្សប្រុសមិនសូវចំណាយពេលជូននាងទៅទិញអីវ៉ាន់ដែលនាងប្រាថ្នានោះទេ៕