សមត្ថភាពមួយកំផ្លេ! សេដ្ឋីនីអារ៉ាប់រួម Mahra Lutfi យកឈ្នះបវរកញ្ញាដទៃ ក្លាយជាមកុដ Miss Planet International 2024
នៅរាត្រីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ កម្មវិធីប្រកួតសម្រស់ដ៏អស្ចារ្យ Miss Planet International លើកទី ៤ ដែលប្រព្រឹត្តនៅកម្ពុជាជាម្ចាស់ផ្ទះ បានប្រកួតវគ្គផ្ដាច់ព្រ័ត្រ និង រកឃើញម្ចាស់ជ័យលាភីគ្រងមកុដ Miss Planet International ប្រចាំឆ្នាំ ២០២៤ នេះហើយ គឺបានទៅលើបវរកញ្ញាមកពីប្រទេសអារ៉ាប់រួម កញ្ញា Mahra Lutfi។
ក្នុងវគ្គប្រកាសលទ្ធផលផ្ដាច់ព្រ័ត្រនេះដែរ មហាជនអ្នកលេងបណ្ដាញសង្គមតាមដានវិស័យបវរកញ្ញាទូទាំងពិភពលោកកំពុងបង្ហាញការអបអរសាទរដោយការពេញចិត្តខ្លាំង ចំពោះម្ចាស់ជ័យលាភីគ្រងមកុដថ្មី Miss Planet International 2024 គឺបវរកញ្ញាមកពីប្រទេសអារ៉ាប់រួម។
សម្រាប់បេក្ខភាពបវរកញ្ញាជើងខ្លាំង ៥ រូបទៀត ដែលលំដាប់រងទី ១ បានទៅ បវរកញ្ញា Luxemburg, លំដាប់រងទី ២ បានទៅលើថៃ, លំដាប់រងទី ៣ បានទៅលើអ៊ុយក្រែន, លំដាប់រងទី ៤ បានទៅលើ ហ្វីលីពីន លំដាប់រងទី ៥ បានទៅលើ USA, និង លំដាប់រងទី ៦ បានទៅលើ Sweden។ លើសពីនោះ បវរកញ្ញាឥណ្ឌូនេស៊ី ក៏ឆក់បានតំណែងគ្រងមកុដ Miss Planet Angel International 2024 ផងដែរ។
គួរឱ្យដឹងថា ម្ចាស់មកុដថ្មី Miss Planet International 2024 មកពីប្រទេសអារ៉ាប់រួមរូបនេះ ត្រូវបានគេស្គាល់ថាជាមហាសេដ្ឋីក្នុងទីក្រុងឌូបៃមួយរូប ដោយមិនត្រឹមតែមានរូបស្រស់ស្អាតខ្លាំងពេញដោយសមត្ថភាព និង ចំណេះដឹង តែនាងក៏បុគ្គលមានឈ្មោះល្បីល្បាញនៅក្នុងប្រទេស និង ធ្លាប់បានចូលរួមក្នុងកម្មវិធីធំៗជាច្រើនលំដាប់ពិភពលោក។ លើសពីនេះ ក្រឡេកទៅមើលគណនីអ៊ីនស្ដាក្រាមរបស់ Miss Planet តំណាងប្រទេសអារ៉ាបរួមរូបនេះ មានអ្នកចុច follow រហូតដល់ទៅជាង ៩ លាន ៩ សែននាក់ទៀតផង៕