ស្អាតៗណាស់! មើលស្ទីលតែងខ្លួនរបស់តារាល្បីៗប្រចាំផលិតកម្ម SSB កាលពី ១៥ ឆ្នាំមុន
បើរំឭកកាលពីប្រមាណជា ១៥ ឆ្នាំ មុនមហាជននិយមគាំទ្រតារាចម្រៀងប្រចាំផលិតកម្ម SBB ដែលមានឯកឧត្តម ហ្វៃ សំអាង ជាចាងហ្វាង ច្បាស់ជានៅចាំ អតីតតារាចម្រៀងពេញនិយម អាណា ម្ចាស់បទ «ម្ចាស់គ្រងបេះដូង» ជាក់ជាមិនខាន។
ក្នុងនោះ ក្រោយចាកឆ្ងាយពីសិល្បៈ អតីតតារាចម្រៀង អាណា បានរៀបអាពាហ៍ពិពាហ៍រួចមកហើយ ថែមទាំងបច្ចុប្បន្នកំពុងសាងជីវិតឯកជន រស់នៅជាមួយគ្រួសារយ៉ាងមានសុភមង្គល ក្រោមដំបូលរួមគ្នាជាមួយស្វាមី និង កូនស្រីចំនួន ២ នាក់ ជាចំណងដៃអាពាហ៍ពិពាហ៍ផងដែរ។
ថ្មីៗនេះ ក្រោយពីចាកឆ្ងាយពីវិថីសិល្បៈជាច្រើនឆ្នាំ ស្រាប់តែអតីតតារាចម្រៀងសំឡេងស្រទន់ អាណា បានបង្ហោះរូបភាពជាច្រើនសន្លឹករួមនឹងអតីតមិត្តរួមទ្រនំក្នុងផលិតកម្ម SSB ដោយរួមមានអ្នកនាង យក់ ឋិតរដ្ឋា លោក ឃុំ ប៉ុណ្ណាដែត លោក គង់ សង្វាដានី និង លោក កែវ វាសនា ធ្វើឱ្យមហាជនហាក់នឹករឭកដល់អ្នកនាងយ៉ាងខ្លាំង។
ក្នុងរូបភាពនោះ អ្នកនាង អាណា ក៏បានអមនូវសារមួយឃ្លាថា៖ «តោះ!!! សូមនាំអារម្មណ៍បងប្អូនទាំងអស់គ្នា ទៅរំឭកអនុស្សាវរីយ៍កាលពី ១៥ ឆ្នាំមុន SSB Production 2007»។
គួររំឭកដែរថា អតីតតារាចម្រៀង អាណា គឺជាតារាចម្រៀងស្រីយុវវ័យដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងផលិតកម្ម SSB ដែលមានការគ្រប់គ្រងដោយអ្នកដឹកនាំល្បី ហ្វៃ សំអាង កាលពីអំឡុងឆ្នាំ ២០០៧ ហើយបទចម្រៀងដែលតារារូបនេះទទួលបានការគាំទ្រយ៉ាងខ្លាំងនោះមានដូចជាបទ «ម្ចាស់គ្រងបេះដូង» បទ «ទឹកភ្នែកលាងស្នេហ៍» បទ «ស៊ើបអង្កេតស្នេហ៍» និង បទជាច្រើនទៀត៕