រំលងច្រើនឆ្នាំ មកដឹងបច្ចុប្បន្នភាពតារាចម្រៀងតៃវ៉ាន់ល្បី ៣ រូបក្នុងក្រុម S.H.E ម្នាក់ៗដើរដល់ចំណុចនេះ
បើរំឭកដល់ក្រុមចម្រៀងស្រីតៃវ៉ាន់ S.H.E ប្រិយមិត្តជំនាន់ឆ្នាំ ២០០០ ស្ដើង ប្រាកដណាស់ជាបានស្គាល់ច្បាស់ ដោយសារតែជំនាន់នោះក្រុមចម្រៀងស្រីមួយក្រុមនេះផ្ទុះប្រជាប្រិយភាពខ្លាំង មិនថាតែមហាជនក្នុង ឬ ក្រៅស្រុកនោះឡើយ។
ក្រោយពីសាងកេរ្តិ៍ឈ្មោះបានប្រមាណជា ១៨ ឆ្នាំ លើវិថីសិល្បៈ ពោលគឺចាប់តាំងពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០១៩ នោះ ក្រុមចម្រៀង S.H.E ក៏ប្រកាសមិនបន្តកុងត្រាថ្មីក្នុងផលិតកម្ម និង រយាលពីសិល្បៈក្នុងការសម្តែងជាក្រុម ដោយបន្តដំណើរជីវិតរៀងៗខ្លួន។ យ៉ាងណាមិញ ប៉ុន្មានឆ្នាំចុងក្រោយនេះ សមាជិកទាំង ៣ របស់ S.H.E រួមមាន Ella Chen, Selina Jen និង Hebe Tien ក៏បានវិលមកចាប់ដៃគ្នាបង្ហាញខ្លួនលើឆាកតន្ត្រីមួយចំនួនសម្រាប់អ្នកគាំទ្រដែរ។
តស់! មកដឹងបច្ចុប្បន្នភាពរបស់សមាជិក S.H.E ខាងក្រោមនេះ៖
១. Ella Chen
Ella Chen គឺជាសមាជិកចម្រៀងលេចធ្លោមួយរូបក្នុងក្រុម S.H.E ដែលមានអ្នកគាំទ្រកម្ពុជាបានស្គាល់នាងជាច្រើនដែរ។ កាលនោះ Ella មិនត្រឹមតែល្បីឈ្មោះក្នុងវិស័យចម្រៀងទេ តែនាងមានវត្តមានក្នុងការសម្តែងខ្សែភាពយន្តជាច្រើនជាងសមាជិកដទៃ។ ក្នុងឆ្នាំនេះ Ella មានអាយុ ៤៣ ឆ្នាំហើយ ហើយនាងបានរៀបការកាលពីអំឡុងឆ្នាំ ២០១២។ បច្ចុប្បន្ននាង និង ស្វាមីទទួលបានចំណងដៃកូនប្រុសម្នាក់មានអាយុ ៧ ឆ្នាំ។
២. Selina Jen
Selina Jen សមាជិកក្រុមចម្រៀង S.H.E ធ្លាប់បានរៀបការ និង លែងលះជាមួយស្វាមីទី ១ ក្រោយរៀបការបានប្រមាណ ៥ ឆ្នាំ។ បច្ចុប្បន្ន នាងក៏មានគ្រួសារថ្មី និង ទទួលបានចំណងដៃកូនប្រុសមួយរូបហើយដែរ។ ឆ្នាំនេះ Selina Jen មានអាយុ ៤២ ឆ្នាំ ហើយ។
៣. Hebe Tien
Hebe Tien សមាជិកក្មេងជាងគេក្នុងក្រុម S.H.E ដោយឆ្នាំនេះ មានអាយុ ៤១ ឆ្នាំ ហើយ។ Hebe ហាក់មិនទាន់ទទួលបានដំណឹងគូស្រករនោះឡើយ ខណៈពេលនេះ នាងហាក់លេចធ្លោខ្លាំងដូចដើមក្នុងវិថីសិល្បៈ ក្នុងនាមជាតារាចម្រៀង៕