ចេះតែមាន! នារីម្នាក់ដុតភ្លើងឱ្យឆេះព្រៃ ស្រួលរកឱកាសចូលទៅញ៉ែក្រុមពន្លត់អគ្គិភ័យ
ស្ត្រីម្នាក់ត្រូវបានឱ្យដឹងថា បានដុតភ្លើងឱ្យឆេះព្រៃព្រោះតែនាងចូលចិត្តមើលអ្នកពន្លត់អគ្គិភ័យធ្វើការ ហើយក៏ចង់មានឱកាសទៅញ៉ែពួកគេផងដែរ។
តាមសារព័ត៌មាន Greek Reporter បានចេញផ្សាយថា ស្ត្រីមិនបញ្ចេញឈ្មោះម្នាក់មកពីក្រុង Tripoli ប្រទេសក្រិក ត្រូវបានប៉ូលិសចាប់ខ្លួន និង ដាក់ពន្ធនាគាររហូតដល់ ៣ ឆ្នាំ និង ពិន័យជាសាច់ប្រាក់ចំនួន ១១១១ ដុល្លារ។ ដើមហេតុនៃការឃាត់ខ្លួនគឺដោយសារស្ត្រីខាងលើបានធ្វើការដុតភ្លើងនៅតំបន់ដីចម្ការចំនួន ២ កន្លែងក្បែរក្រុង Tripoli កាលពីខែសីហាកន្លងទៅរហូតឆេះសន្ធោសន្ធៅខាងក្រុមពន្លត់អគ្គិភ័យចុះទៅអន្តរាគមន៍ពន្លត់ភ្លាមៗ។
បើតាមទូរទស្សន៍ក្នុងតំបន់ SKAI បានបញ្ជាក់ថា ក្រុមពន្លត់អគ្គិភ័យបានឃើញស្ត្រីដៃដល់បង្ហាញខ្លួនក្នុងហេតុការណ៍ទាំងពីរលើក ហើយក៏ហៅមកសួរនាំ។ អំឡុងពេលសាកសួរនោះ នាងបានសារភាពថានាងដុតភ្លើងនេះព្រោះតែចង់ញ៉ែងញ៉ងជាមួយប្រុសៗអ្នកពន្លត់អគ្គិភ័យ និង ចង់ជួបពួកគេក្នុងឈុតពន្លត់អគ្គិភ័យ។
ក្រោយសួរនាំដឹងរឿងសព្វគ្រប់ខាងនាយកដ្ឋានពន្លត់អគ្គិភ័យប្រចាំប្រទេសក្រិកក៏បានចេញលិខិតផ្លូវការថា ស្ត្រីខាងលើបានប្រព្រឹត្តបទល្មើសរហូតត្រូវជាប់ពន្ធនាគារ ព្រោះតែនាងចូលចិត្តមើលក្រុមពន្លត់អគ្គិភ័យធ្វើការ និង ចូលចិត្តទៅញ៉ែងញ៉ងពួកគេ៕
ប្រភព៖ 9GAG