(វីដេអូ) អួលដើមក! បទថ្មី កេសរ «បណ្តាសា» អត្ថន័យរៀបរាប់ពីរឿងរ៉ាវពិតស្ត្រីមួយចំនួនបានជួបប្រទះ
មួយរយៈចុងក្រោយនេះ អ្នកនិយមស្តាប់បទចម្រៀងរបស់តារាចម្រៀងស្រី កេសរ ច្បាស់ជាបានជ្រាបហើយថា នាងបានសរសេរបទចម្រៀងបង្ហាញពីរឿងរ៉ាវពិតក្នុងសង្គម ជាពិសេសនោះគឺពាក់ព័ន្ធនឹងស្ត្រីតែម្តង។
ថ្មីៗកន្លងទៅនេះ កេសរ បានចេញចម្រៀងមួយបទមានចំណងជើងថា «ស្ត្រី» ដែលបានបង្ហាញនូវការរំលោភបំពានសិទ្ធិ ការបៀតបៀន ការកៀបសង្កត់ និង សម្ពាធទាំងឡាយតាមរយៈអត្ថន័យចម្រៀងរបស់នាងដោយទទួលបានការគាំទ្រយ៉ាងខ្លាំង។
ដោយឡែក កាលពីថ្ងៃ ២៥ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅនេះ កេសរ បានបញ្ចេញ MV ថ្មីមួយបទទៀតហើយ ដោយមានចំណងជើងថា «បណ្តាសា» ដោយអត្ថន័យចម្រៀងមួយបទ បានរៀបរាប់នូវរឿងពិតរបស់ស្ត្រីមួយចំនួន ដែលបានជួបក្នុងជីវិត។ ម្យ៉ាងវិញទៀត បទ «បណ្តាសា» នេះ កេសរ បានធ្វើឡើងដោយចេញពីបេះដូង ដើម្បីឱ្យស្រ្តីទាំងអស់រឹងមាំ ឈប់បន្ទោសខ្លួនឯង ហ៊ានក្រោកឈរសម្រាប់ខ្លួនឯង តតាំងនឹងមនុស្ស ដែលសើចចំអកយកជនរងគ្រោះជាមនុស្សលេងសើច។
កញ្ញា កេសរ បានប្រាប់មកកាន់ «ប្រជាប្រិយ» ពាក់ព័ន្ធនឹងបទចម្រៀងមួយបទនេះថា ៖ «តើត្រូវកើតជាមនុស្សស្រីត្រូវតែទ្រាំនៅពេល គេជិះជាន់ឬយ៉ាងណា? ហើយនេះជាវាសនារបស់យើងជាមនុស្សស្រី ដែលជារឿងធម្មតាឱ្យគេជិះជាន់បែបនេះ? ដូច្នេះខ្ញុំគិតថា ជនរងគ្រោះជាច្រើនព្រមទទួលយករឿងរ៉ាវទាំងនេះ ទាំងគ្មានសិទ្ធិ និង កម្លាំងតតាំង។ ដូច្នេះខ្ញុំចង់ឱ្យបទចម្រៀងមួយបទនេះរបស់ខ្ញុំ ក្លាយជាបទតំណាងមួយសំរាប់មនុស្សស្រីឱយហ៊ានក្រោកឈរ តតាំងនូវសំណើច សង្គម ដែលជាបណ្តាសារបស់មនុស្សស្រី»។
គួរជម្រាបថា មិនត្រឹមតែអត្ថន័យនៃបទចម្រៀងនោះទេ ដែលបានចាក់ដោតអារម្មណ៍អ្នកស្តាប់ សូម្បីតែការផលិត MV វិញ ក៏មិនធម្មតា ពោលគឺវីដេអូបទចម្រៀងនេះ បានផលិតយ៉ាងពិសេស ដោយបានអញ្ជើញស្រ្តីក្នុងវិស័យផ្សេងៗគ្នា ដោយប្រើជំនាញរបស់ខ្លួន បញ្ចេញមតិ ក្រោកឈរ តតាំង និង បណ្តាសា ហើយការហ៊ាននិយាយនេះ គឺជាការបង្ហាញពីភាពខ្លាំងក្លារបស់មនុស្សស្រី និង លើកកម្ពស់ថាមពលស្រ្តី៕
សូមទស្សនា វីដេអូខាងក្រោម៖