អ្នកមានវ័យហួសស៊េរី បើចង់ញ៉ែយុវវ័យ Gen Z ធ្វើសង្សារ ត្រូវដឹងក្បាច់ពិសេស ៥ យ៉ាងនេះសិន
Gen Z ឬ Generation Z សំដៅដល់អ្នកដែលមានវ័យចន្លោះពី ១២ ឆ្នាំដល់ ២៧ ឆ្នាំ។ តែបើក្នុងទំនាក់ទំនងស្នេហា ត្រូវចាំថាមិនគួរទាក់ទងអ្នកដែលវ័យក្រោម ១៨ ឆ្នាំឡើយ។ គេថាស្នេហាមិនគិតពីតួលេខ តែបើស្រលាញ់មនុស្សអាយុខុសជំនាន់ វាអាចពិបាកក្នុងការយល់ចិត្តគ្នា។ ជាក់ស្តែង សម្រាប់អ្នកអាយុលើសជំនាន់ Gen Z បើចង់ទាក់ទងស្នេហាជាមួយពួកគេ អ្នកគួរស្វែងយល់អំពីចរិតលក្ខណៈទាំងនេះរបស់ពួកគេជាមុនសិន។
១. បើកចិត្តទូលាយ
យុវវ័យ Gen Z ចូលចិត្តបើកចិត្តជាមួយគំនិតថ្មីៗ ស្គាល់វប្បធម៌ថ្មីៗ និង របៀបរស់នៅថ្មីៗ។ ពួកគេឱ្យតម្លៃទៅលើភាពចម្រុះ និង ការរួបរួមគ្នា។ ដើម្បីយកឈ្នះចិត្តពួកគេបាន អ្នកត្រូវបង្ហាញពីការបើកចិត្តទទួល និង ឱ្យតម្លៃចំពោះតម្លៃ និង ទស្សនៈរបស់ពួកគេ។
២. ទម្លាប់ប្រើបច្ចេកវិទ្យា
យុវវ័យ Gen Z ធំឡើងក្នុងពិភពឌីជីថល ពួកគេប្រើប្រាស់ការទំនាកទំនងស្ទើរតែទាំងស្រុងនៅលើអនឡាញ មិនថាបណ្តាញសង្គម ការឆាត ឬមួយប្រើប្រាស់ app ផ្សេងៗ។ អ្នកអាចបង្ហាញការចាប់អារម្មណ៍ ឬចំណូលចិត្តទៅលើអ្វីដែលពួកគេកំពុងប្រើប្រាស់ ដែលនេះក៏អាចបង្ហាញថា ទោះអ្នកវ័យច្រើនជាងពួកគេ តែអ្នកក៏ជាមនុស្សដែលទាន់សម័យកាល ត្រូវនឹងរសនិយមពួកគេផងដែរ។
៣. ផ្តោតលើសុខភាពផ្លូវចិត្ត
យុវវ័យ Gen Z ផ្តោតសំខាន់លើសុខភាពផ្លូវចិត្ត និង សុខុមាលភាព។ បើចង់មានទំនាក់ទំនងជាមួយពួកគេ អ្នកត្រូវធ្វើជាមនុស្សដែលគាំទ្រផ្លូវចិត្ត ជាមនុស្សគិតវិជ្ជមាន និង តែងតែរីករាយ ជាពិសេស ការថែទាំខ្លួន រក្សាសម្រស់ អនាម័យរាងកាយ ក៏ជាចំណុចសំខាន់ត្រូវបានរាប់បញ្ចូល។
៤. ចូលចិត្តអ្វីជាធាតុពិត និង ច្បាស់លាស់
នៅក្នុងទំនាក់ទំនងស្នេហា យុវវ័យ Gen Z ចូលចិត្តមនុស្សដែលស្មោះត្រង់ ច្បាស់លាស់ និង ជាខ្លួនឯង។ ដូច្នេះ អ្នកត្រូវតែជាមនុស្សដែលមានភាពស្មោះត្រង់ ច្បាស់លាស់ តម្លាភាព និង ធាតុពិតជាខ្លួនឯងជាមួយពួកគេ។ អ្នកពូកែស្មោះ ដឹងតែយុវវ័យ Gen Z ស្រលាញ់លុះក្ស័យ។
៥. មានមហិច្ឆតា
យុវវ័យ Gen Z មួយចំនួនធំ ខ្វល់ខ្វាយខ្លាំងទៅលើគោលបំណង និង គោដៅរបស់ពួកគេ។ បើចង់ទាក់ទងបានឆាប់ អ្នកត្រូវតែជាចំណែកមួយដែល គាំទ្រ លើកទឹកចិត្ត និង ចាប់អារម្មណ៍ទៅលើអ្វីដែលពួកគេចង់បានឬកំពុងធ្វើ៕