ញ៉ាំអាហារ ៦ យ៉ាងនេះ អាចធ្វើឱ្យបំផ្លាញអ័រម៉ូន និង សុខភាពស្បែក
ស្ត្រីភាគច្រើនស្ទើរតែគ្រប់ៗគ្នា សុទ្ធតែធ្លាប់ប្រឈមនឹងការផ្លាស់ប្តូរអារម្មណ៍ ដូចជា ស្ត្រីពេញវ័យនៅពេលមានបម្រែបម្រួលអ័រម៉ូនដោយសារកត្តាណាមួយនោះ ក៏នឹងអាចមានអាការដូចជានៅពេលទើបឈានចូលវ័យជំទង់ដែរ ។
ភាពមិនប្រក្រតីនៃបម្រែបម្រួលអ័រម៉ូន ច្រើនតែជះឥទ្ធិពលលេចជារូបរាងក្នុងទម្រង់ជា ការឡើងមុនខ្ទុះធំៗច្រើនឡើងក្តាំងលើមុខ ការធ្លាក់ពងអូវ៉ុលច្រើនទាំងមិនទាន់ទុំជ្រុះស្រួលបួល និង បញ្ហារដូវមិនទៀង ឬគាំងជាដើម ។ ប្រសិនបើមានបញ្ហាមុនអ័រម៉ូនបែបនេះ ទោះជាអ្នកប្រើផលិតផលឬថ្នាំព្យាបាល ដែលមានសារធាតុអង់ទីប៊ីយ៉ូទិក រ៉េទីនអា (Retin-A) និង បង់សូលពែរអុកស៊ីត (Benzoyl peroxide) ក៏មិនអាចព្យាបាលបានដែរ ថែមទាំងកាន់តែរាលដាលទៀតផង ។
ផលប៉ះពាល់នៃអ័រម៉ូនចំពោះស្បែក
ភាពមិនប្រក្រតីបណ្តាលមកពីក្រពេញអង់ដូគ្រីន ជាឬសគល់ចម្បងនៃការកើតមុនអ័រម៉ូន ដែលច្រើនកើនក្នុងពេលពាក់កណ្តាលនៃវដ្តរដូវ ឬមុនពេលមករដូវ ព្រោះថាអំឡុងពេលនេះ អ័រម៉ូនអេស្ត្រូជេន និង តេស្តូស្តឺរ៉ូនកើនឡើងខ្លាំងជាធម្មតា ។ ប្រសិនបើប្រព័ន្ធអង់ដូគ្រីនដំណើរការបានល្អ នោះនឹងកំណើនអ័រម៉ូនទាំងពីរនេះ មិនចោទជាបញ្ហាអ្វីទេ ប៉ុន្តែអាចនឹងមានបញ្ហា ចំពោះ ករណីអ័រម៉ូនដំណើរការមិនល្អ ។ កត្តានេះ អាចបណ្តាលមកពីរាងកាយស្ត្រីមិនបានបញ្ចេញជាតិពុលអស់ គួបផ្សំនឹងរបបអាហារ និង ទម្លាប់រស់នៅមិនល្អទៀតនោះ ទើបរាងកាយមាន លេចចេញជាបញ្ហាលើស្បែក ។ បញ្ហាស្បែកនេះច្រើនកើតឡើងកាន់តែខ្លាំងក្នុងពេលកៀកជិតថ្ងៃមករដូវ ព្រោះថាពេលនោះជាពេលដែលឈាមហូរជិតទៅកាន់ផ្ទៃស្បែក ។
តើគួរធ្វើដូចម្តេចដើម្បីឱ្យស្បែកប្រសើរឡើងវិញ ?
ស្បែកជាសរីរាង្គដ៏ធំបំផុតនៃរាងកាយ មានមុខងារបញ្ចេញជាតិពុល និង បំពេញមុខងារជិតស្និទ្ធជាមួយនឹងថ្លើម ប្រព័ន្ធទឹករងៃ និង ពោះវៀនធំ ។ ការប្រើផលិតផល ឬថ្នាំលាបលើស្បែក នឹងពុំមែនជាវិធីព្យាបាលឡើយ ។ ជាដំបូន្មាន ស្ត្រីគួរប្រយ័ត្នចំពោះអាហារ ដែលជាវិធីតែម្យ៉ាង និង មានប្រសិទ្ធភាព ។
អាហារគួរចៀសវាង
១. ទឹកដោះគោ ឬ ផលិតផលចម្រាញ់ពីទឹកដោះគោ
ទឹកដោះគោជាប្រភេទអាហារបង្កជាអាការរលាកនានា ដែលអាចបណ្តាលឱ្យប៉ះពាល់ដល់ភ្នាសពោះវៀន ដូចជា អាការចាញ់អាហារ ហើយទឹកដោះគោក៏មានអ័រម៉ូនសំយោគផងដែរ ។
២. គ្លុយទីន(Gluten)
ដូចគ្នានឹងទឹកដោះគោដែរ គ្លុយទីនក៏ជាភ្នាក់ងារខ្លាំងក្នុងការបង្កអាការរលាកដែរ ។
៣. សណ្តែកសៀង
សណ្តែកសៀង មានសារធាតុបង្កឱ្យកើតមុនជាពិសេសអ្នកមានបញ្ហាងាយប្រតិកម្មនឹងអ័រម៉ូន ។ សូមកុំភ្លេចអានស្លាកគ្រឿងផ្សំ ព្រោះផលិតផល ឬ ថ្នាំខ្លះផ្សំពីសណ្តែកសៀង ។
៤. សណ្តែកដី
សម្រាប់អ្នកគ្មានប្រតិកម្មនឹងសណ្តែកដី ក៏អាចនឹងធ្លាប់រងនូវផលប៉ះពាល់អវិជ្ជមានពីសណ្តែកដីដែរ ដូចជា រលាកស្បែក និង ឡើងមុននេះឯង ។
៥. កាហ្វេអ៊ីន
កាហ្វេជាសារធាតុបន្ទុចបង្អាក់ ឬពន្យឺតរាងកាយក្នុងការទទួលបានសារធាតុស័ង្កសី វីតាមីនបេ ម៉ាញ៉េស្យូម និងប៉ះពាល់ដល់ប្រព័ន្ធការពារស្បែក ។
៦. ប្រេងគ្រាប់ផ្កាឈូករ័ត្ន និង ប្រេងបន្លែនានា
ប្រេងប្រភេទនេះ មានអាស៊ីតខ្លាញ់អូមេហ្គា៦ច្រើន ដែលសារធាតុនេះបង្កជាអាការរលាកស្បែកដូចគ្នា ។
របបអាហារគួរបរិភោគ៖ គួរបរិភោគទឹកផ្លែឈើ និង បន្លែជំនួសអាហារខាងលើវិញ ដូចជា ផ្លែប៉ោមបៃតង ជីវ៉ាន់ស៊ុយ ស្ពៃ ត្រសក់ ស្ត្រប៊ឺរី និងក្រូចឆ្មារជាដើម ។
ប្រការគួរប្រតិបត្តិ
ញ៉ាំអាហារសម្បូរប្រូបាយអូទិក ឬញ៉ាំថ្នាំប្រូបាយអូទិក ដើម្បីបំប៉នសុខភាពពោះវៀន និង រក្សាលំនឹងអ័រម៉ូន ។
ផលិតផលរក្សាស្បែក និងតុបតែងខ្លួន គួរចៀសវាងកុំប្រើផលិតផលដែលផ្សំពី ៖
- ប៉ារ៉ាបែន (Parabens) មានដូចជា មេទីល ប្រូពីល ប៊ុយទីល និង អេទីល
- អាណូឡាមីន (Anolamines) ដូចជា DEA , TEA និងMEA
- ប៉េត្រូឡាទីម ឬ ប៉េត្រូលាម ជែលី (Petrolatum ឬ Petroleum Jelly)
- សូដ្យូមឡូរីលស៊ុលផាត និង ស៊ុលផាតប្រភេទប្រហាក់ប្រហែល (Sodium lauryl sulfates) ដូចជា SLS និងSLES
- សារធាតុគីមីដែលប៉ះពាល់ដល់អង់ដូគ្រីន ដូចជា DBP និង DEHP ។ លក្ខិណា