ការសិក្សាថ្មី៖ មួយថ្ងៃគួរទ្រហោយំឱ្យបានម្ដង ព្រោះមានអត្ថប្រយោជន៍ ៣ យ៉ាង
យំ គឺជាការហូរបញ្ចេញនូវ ទឹកភ្នែកលាយឡំជាមួយបរិមាណអំបិលនៅក្នុងទឹកភ្នែក ដែលអាស្រ័យទៅលើស្ថានភាពនៃរាងកាយ នឹងហេតុផលដែលមនុស្សត្រូវយំ ដែលអ្នកវិទ្យាសាស្ត្រ ស្រាវជ្រាវឃើញថា នៅពេលដែលមនុស្សយំ ក្នុងអារម្មណ៍វេទនាបំផុត នោះទឹកភ្នែករបស់គេមានលក្ខណៈប្រៃ ចំណែកឯ អ្នកដែលយំ ក្នុងក្ដីរំភើបសប្បាយរីករាយ គឺបរិមាណទឹកភ្នែករបស់គេមានកម្រិតអំបិលទាបជាង អ្នកដែលកើតទុក្ខ។
យ៉ាងណាម៉ិញ អ្នកវិទ្យាសាស្ត្រក៏បានរកឃើញ អត្ថប្រយោជន៍ ៣យ៉ាងមនុស្គួរសយំ នោះគឺ ៖
១. យំ ដើម្បីធ្វើឱ្យភ្នែកមានសុខភាពល្អ
ទឹកភ្នែកដែលហូរចេញមកពីភ្នែករបស់មនុស្សម្នាក់ៗ គេហៅថាបាសាល់ (Basal) ។ នៅរាល់ពេលដែល កែវភ្នែកអ្នកស្ងួតហូតខ្សោះ នោះអ្នកនឹងយំ ហើយទឹកភ្នែកនឹងហូរបញ្ចេញមក ដើម្បីផ្ដល់នូវសំណើម ទៅដល់កែវភ្នែក ដែលអាចជួយលាងសម្អាត និង ជួយកាត់បន្ថយកម្ដៅនៅក្នុងកែវភ្នែករបស់អ្នក រក្សាបាននូវតុល្យភាពសុវត្ថិភាពកែវភ្នែករបស់អ្នក ។
២. យំ ដើម្បីការពារកែវភ្នែក
នៅពេលដែលអ្នកស្ថិតនៅក្នុង ស្ថានការផ្លាស់ប្ដូរបរិស្ថាន ឬមជ្ឈដ្ឋានផ្សេងខុសពីធម្មតា ដូចជាប្រឡាក់ភ្នែក ធូលីចូលភ្នែក ឬ នៅក្បែរខ្ទឹមបារាំង នោះអ្នកនឹងយំ ហើយទឹកភ្នែក នឹងហូរបញ្ចេញមកដើម្បី លាងសម្អាត និងការពារកែវភ្នែករបស់អ្នក ច្រានចោលនូវមេរោគ និង កម្ទេចធូលីផ្សេងៗជាដើម ។ ទឹកភ្នែកប្រភេទនេះ ត្រូវបានគេកត់សម្គាល់ថា ជាប្រភេទឆ្លុះបញ្ចាំង នៅពេលដែល មានបញ្ហាធូលី ប៉ះពាល់កែវភ្នែកភ្លាម ទឹកភ្នែកក៏នឹងហូរចេញមកដើម្បីប្រឆាំងតបតរវិញភ្លាមៗដូចគ្នា ។
៣. យំ ដើម្បីបង្ហាញអារម្មណ៍
ការយំ ត្រង់ចំណុចនេះ គឺជាប្រតិកម្ម ដែលពាក់ព័ន្ធទៅនឹងអារម្មណ៍ដ៏ជ្រាលជ្រៅបំផុត។ រាល់ទឹកភ្នែកដែលហូរចេញមក គឺពាក់ព័ន្ធជាមួយផ្លូវចិត្តរបស់មនុស្សដូចជា អារម្មណ៍សប្បាយ កើតទុក្ខ ឬពិបាកចិត្តជាដើម ។ វេជ្ជបណ្ឌិតចិត្តសាស្រ្ត លោក Virginia Eatough បានរកឃើញថា មូលហេតុទូទៅបំផុតដែលមនុស្សយើងយំគឺទាក់ទងនឹងភាពតានតឹងនិងការតូចចិត្ត ។
ក្នុងនោះមាន អ្នកខ្លះនិយាយថាពួកគេក៏មានអារម្មណ៍ធូរស្បើយផងដែរបន្ទាប់ពីពួកគេយំ (នេះអាចមកពីទឹកភ្នែកខាងផ្លូវចិត្ត បញ្ចេញសារជាតិបំបាត់ការឈឺចាប់ដោយធម្មជាតិ ចេញពីក្នុងខ្លួនពួកគេ)។ តែយ៉ាងណាមិញ មនុស្សទូទៅ តែងយល់ថាការយំគឺមិនល្អនោះទេ ព្រោះអ្នកដែលយំ នឹងត្រូវបានគេវិនិច្ឆ័យថា ជាប្រភេទមនុស្សទន់ខ្សោយ ឬជាជនរងគ្រោះជាដើម ៕