ម៉ាក់ៗសម័យថ្មី ចំណាំៗទុកទៅ បើមានអាការប្លែកៗទាំងនេះ កូនក្នុងផ្ទៃអាចជាកូនភ្លោះហើយ
ម្ដាយគ្រប់រូបកំឡុងពេលមានផ្ទៃពោះរាងកាយនឹងមានការប្រែប្រួល ទោះបីជាក្នុងផ្ទៃមានកូនតែម្នាក់ ឬ ភ្លោះក៏ដោយ ក៏រាងកាយតែងតែមានការប្រែប្រួលដូចគ្នា ប៉ុន្តែមានអាការមួយចំនួនដែលបញ្ចេញសញ្ញាខុសគ្នា អាការទាំងនោះមានដូចជា ៖
១-ចាញ់កូនខ្លាំងជាងធម្មតា ក្អួតខ្លាំង ចាញ់ខ្លាំងរហូតញ៉ាំអ្វីមិនបាន ធុំក្លិនក៏ក្អួត បត់ជើងតូចញឹក សង្កេតងាយៗគឺអាការចាញ់កូនខ្លាំងខុសពីធម្មតាអស់កម្លាំង ហត់នឿយ សុដន់ឡើងធំខុសប្រក្រតី ។ អាការទាំងនេះបង្ហាញថាក្នុងផ្ទៃអាចជាកូនភ្លោះ ព្រោះអរម៉ូនអេជស៊ីជី (HCG) ត្រូវបានផលិតច្រើនទើបបណ្ដាលឱ្យចាញ់កូនខ្លាំង ។
២-ពោះ និង ទម្ងន់ម្ដាយឡើងលឿនជាងការពពោះធម្មតា ព្រោះកូនភ្លោះធ្វើឱ្យស្បូនរីកធំទ្វេដង ដែលអាចសង្កេតឃើញក្បាលពោះរីកធំតាំងពី ១២ សប្ដាហ៍ដំបូង ។
៣-ម្ដាយមានអារម្មណ៍ថាកូនក្នុងផ្ទៃបម្រាស់ខ្លួនលឿនជាងធម្មតា នេះអាចជាសញ្ញាបង្ហាញថាជាកូនភ្លោះ ព្រោះធម្មតាម្ដាយមានអារម្មណ៍ថាកូនក្នុងផ្ទៃបម្រាស់ លុះត្រាតែអាយុផ្ទៃចាប់ពី ១៤ សប្ដាហ៍ទៅ ១៦ សប្ដាហ៍ តែបើកូនភ្លោះនឹងរើខ្លួនតាំងពីអាយុផ្ទៃមិនទាន់ ១៤ សប្ដាហ៍ម្លេះ ។
៤-វិធីមួយទៀតដើម្បីពិនិត្យមើលកូនភ្លោះគឺការស្ដាប់សំឡេងចង្វាក់បេះដូងរបស់ទារកក្នុងផ្ទៃ ។
៥-ការពិនិត្យអេកូអាចដឹងច្បាស់ថាជាកូនភ្លោះ ឬ មិនមែនតាំងពីអាយុផ្ទៃ ១២-១៨ សប្ដាហ៍មកម៉េះ កូនភ្លោះអាចនឹងមានភាពខុសប្រក្រតី ដូចជាទារកមានទំងន់ស្រាលជាងធម្មតា និង អាចសម្រាលមុនពេលកំណត់ ដូច្នេះម្ដាយគួរតែទៅជួបជាមួយវេជ្ជបណ្ឌិតជាប្រចាំ ៕