គ្រាន់តែពន្យាពេលកាត់ទងផ្ចិតទារក ៦០ វិនាទី មានប្រយោជន៍អស្ចារ្យមិននឹកស្មានដល់
ស្ត្រីមានផ្ទៃពោះដែលជិតដល់ពេលសម្រាលកូន និង គ្រូពេទ្យឆ្មបមួយចំនួនគួរឈ្វេងយល់ដែរថា រយៈពេលកាត់ទងផ្ចិតរបស់ទារកគួរតែពន្យាពេលឱ្យបាន ១ នាទី ព្រោះបើយោងតាមការសិក្សាថ្មីមួយបានបង្ហាញថា ការធ្វើបែបនេះអាចកាត់បន្ថយអត្រាស្លាប់របស់ទារកមិនគ្រប់ខែបានរាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ ។
កាលពីឆ្នាំ ២០១៥ បើតាមគោលការណ៍ណែនាំបានឱ្យដឹងថា រយៈពេលនៃការកាត់ទងផ្ចិតគួរស្ថិតក្នុងចន្លោះពី ៣០ ទៅ ៦០ វិនាទី ជាពិសេសចំពោះទារកដែលកើតមុនកំណត់ ។ ប៉ុន្តែបើយោងតាមអង្គការសុខភាពពិភពលោក ដែលបានសិក្សា និង ណែនាំថ្មីៗនេះថា ការកាត់ទងផ្ចិតគួរស្ថិតក្នុងរយៈពេល ៦០ វិនាទីទើបប្រសើរ ។
យោងតាមការសិក្សាពីមុនបានឱ្យដឹងថា មូលហេតុចម្បងនៃការពន្យារពេលនេះ គឺដោយសារវាត្រូវការឱ្យចរន្តឈាមហូរចេញពីទងសុកឱ្យបានគ្រប់គ្រាន់ ដើម្បីឱ្យទារកដែលបានកើតមកមានរយៈពេលសម្របខ្លួនទៅនឹងចលនាដកដង្ហើមក្នុងបរិយាកាសខាងក្រៅ ។
ជាទូទៅនៅទូទាំងពិភពលោក ទារកប្រមាណ ១៥ លាននាក់បានកើតមុនកំណត់ គឺមុនសប្តាហ៍ទី ៣៧ ជារៀងរាល់ឆ្នាំ ក្នុងនោះមានទារកចំនួន ១ លាននាក់បានស្លាប់ ។ ហើយការសិក្សាបានបង្ហាញឱ្យដឹងថា ការពន្យាពេលកាត់ទងផ្ចិតរហូតដល់ ១ នាទី គឺអាចជួយសង្គ្រោះជីវិតកុមារបានច្រើន គឺបានប្រមាណជា ១ ភាគ ៣ ឯណោះ ។
លទ្ធផលនៃការស្រាវជ្រាវនេះបានចេញផ្សាយក្នុងទស្សនាវដ្តីស្រាវជ្រាវ Journal of Obstetrics and Gynaecology នៅសហរដ្ឋអាមេរិក ដោយ ក្រុមសិក្សាបានធ្វើតេស្តទៅលើអត្រាស្លាប់ និង អត្រាឈឺរបស់កុមារចំនួន ១៨ លើក ក្នុងចំណោមទារកជាង ៣០០០ នាក់ ដែលបានកើតមុនសប្តាហ៍ទី ៣៧ ។
លើសពីនេះក៏មានការសិក្សាមួយផ្សេងទៀតដែលបានចុះផ្សាយនៅក្នុងទស្សនាវដ្តីស្រាវជ្រាវ New England Journal of Medicine ក៏បានសិក្សាទៅលើទារកចំនួន ១៥៦៦ នាក់ ដែលបានកើតក្នុងរយៈពេលលើសពី ១០ សប្តាហ៍ឡើងទៅ នៅតាមមន្ទីរពេទ្យចំនួន ២៥ ក្នុង ៧ ប្រទេស ដោយរកឃើញថា លទ្ធផលនៃការស្លាប់បានថយចុះចំនួន ២,៦ ភាគរយ ប្រសិនបើពន្យាពេលកាត់ទងផ្ចិត ៕ សុផល (ប្រភព៖ Zeenews.com)