គួរដឹង! ជំងឺកូវីដ-១៩ ពេលកើតហើយអាចជាសះស្បើយដោយខ្លួនឯងបានដែរឬទេ?
បើយោងតាមគេហទំព័រ kapook របស់ប្រទេសថៃមានបង្ហាញថា កូវីដ-១៩ គឺជាជំងឺមួយដែលពិបាកគ្រប់គ្រង ព្រោះវាឆ្លងតាមរយៈផ្លូវដង្ហើម ហើយភាគច្រើនអាការនៃជំងឺនេះគឺមិនបញ្ចេញអាការធ្ងន់ធ្ងរដល់ថ្នាក់ធ្វើឱ្យស្លាប់ភ្លាមៗនោះទេ ។ អ្នកដែលមានផ្ទុកមេរោគនេះ គឺមិនដឹងខ្លួនឯងថាកំពុងមានមេរោគ ទើបបណ្ដាលឱ្យមេរោគអាចរីករាលដាលបានរហូត ។
ទោះបីជាមានវិធានការមួយចំនួនដែលចេញមកដើម្បីកាត់បន្ថយការរីករាលដាលបានពិតមែន ប៉ុន្តែក៏ត្រូវប្តូរជាមួយវិស័យសេដ្ឋកិច្ចដែលត្រូវធ្លាក់ចុះដូចគ្នា ។ បើងាកមកមើលប្រទេសកម្ពុជា ទោះបីមានចំនួនអ្នកឆ្លងមិនច្រើនទេ បើប្រៀបទៅនឹងបណ្ដលប្រទេសជុំវិញពិភពលោកមែន ប៉ុន្តែតួលេខនៅតែកើនឡើងបន្តិចម្ដងៗ ធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងផងដែរ ។
ប្រសិនជាសន្មតថា ពិភពលោកនេះមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១០០ នាក់ នឹងមានអ្នកជំងឺចំនួន ៨០ នាក់ដែលមានអាការតិចតួច ហើយនឹងជាទៅវិញដោយខ្លួនឯង នោះមានន័យថាមានចំនួន ៨០% អាចជាដោយខ្លួនឯង ឬ មានអាការតិចដូចជា គ្រុនក្ដៅ ក្អក កណ្ដាស ឈឺក្បាល ស្រដៀងនឹងផ្ដាស់សាយធម្មតា ។ ប្រសិនជាមានប្រព័ន្ធភាពស៊ាំខ្លាំង មានសុខភាពល្អ ពេលដែលសម្រាកបានគ្រប់គ្រាន់ ញ៉ាំទឹកច្រើន ញ៉ាំថ្នាំតាមអាការដែលកើតមានក៏អាចជាដោយខ្លួនឯងបាន ។
ចំណែក ២០% ទៀតជាក្រុមដែលត្រូវទៅព្យាបាលនៅមន្ទីរពេទ្យ បណ្ដាលមកពីមានអាការធ្ងន់ ឬ មានការរលាកសួត អុកស៊ីសែននៅក្នុងឈាមធ្លាក់ចុះ ទើបត្រូវការប្រើថ្នាំផ្សេង និង មើលថែពីគ្រូពេទ្យ ។ ក្នុងចំណោម ២០% នេះមានប្រមាណ ៥% ដែលធ្ងន់ធ្ងរ ឬ អាចត្រូវចូលបន្ទប់ ICU ប្រើឧបករណ៍ជួយដកដង្ហើម និង ត្រូវមើលថែដិតដល់ពីសំណាក់គ្រូពេទ្យ ។ ភាគច្រើនជាមនុស្សចាស់ មានអាយុប្រមាណ ៧០ ឆ្នាំឡើងទៅ ឬ អ្នកជំងឺដែលមានជំងឺប្រចាំកាយដូចជា សម្ពាធឈាមឡើងខ្អស់ ទឹកនោមផ្អែម ជំងឺបេះដូង តម្រងនោម ឬ មហារីកដែលមានអង់ទីករតិច ឬ ចុះខ្សោយ ៕