អ្នកជាសះស្បើយពីកូវីដ-១៩ បើមិនចង់ដេកពេទ្យម្ដងទៀតទេ គួរធ្វើខ្លួនបែបនេះដាច់ខាត
បើយោងតាមគេហទំព័រ kapook របស់ប្រទេសថៃមានបង្ហាញថា ចំពោះអ្នកជំងឺដែលព្យាបាលជាសះស្បើយហើយនោះ ពេទ្យនឹងអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ក៏គួរតែថែរក្សាសុខភាពខ្លួនឯងឱ្យបានល្អ បំប៉នអង់ទីករឱ្យរឹងមាំងដើម្បីការពារមិនឱ្យឆ្លងម្ដងទៀត ដោយមានការណែនាំចំពោះអ្នកជំងឺដែលចេញពីមន្ទីពេទ្យហើយដូចជា ៖
១. ក្រោយពីធ្វើចត្តាឡីស័កគ្រប់ ១៤ ថ្ងៃ បន្ទាប់ពីជាហើយអាចរស់នៅបានតាមធម្មតា
២. ពាក់ម៉ាស់រាល់ពេលចេញពីផ្ទះ ឬ នៅទីប្រជុំជន
៣. កុំយកដៃប៉ះភ្នែក ច្រមុះ មាត់ ឬ ផ្ទៃមុខ ព្រោះអាចចាប់យកមេរោគពីខាងក្រៅចូលក្នុងរាងកាយដោយមិនដឹងខ្លួន
៤. លាងដៃជាប្រចាំដោយសាប៊ូ ឬ អាល់កុល រួមទាំងសម្អាតរបស់របរប្រើប្រាស់ដែលត្រូវប្រើជាប្រចាំ
៥. រក្សាគម្លាត ១-២ ម៉ែត្រ និង កុំនៅស្និតស្នាលជាមួយអ្នកដទៃ
៦. កុំប្រើប្រាស់សម្ភាររួមជាមួយអ្នកដទៃដូចជា ចាន សម ស្លាបព្រា រួមទាំងការប្រើទុយយោប៊ឺតទឹកពីកែវអ្នកដទៃ
៧. ញ៉ាំអាហារដែលមានប្រយោជន៍ដូចជា បន្លែ ផ្លែឈើដើម្បីបំប៉នអង់ទីករក្នុងរាងកាយ និង ញ៉ាំទឹកឱ្យបានច្រើនយ៉ាងតិចក៏ ៨ កែវក្នុងមួយថ្ងៃដែរ
៨. ហាត់ប្រាណជាប្រចាំយ៉ាងតិចក៏ ៣០ នាទីក្នុងមួយថ្ងៃដើម្បីឱ្យរាងកាយរឹងមាំង
៩. សម្រាកឱ្យបានគ្រប់គ្រាន់យ៉ាងតិច ៧-៨ ម៉ោងដែលជួយឱ្យប្រព័ន្ធភាពស៊ាំធ្វើការបានពេញប្រសិទ្ធភាព
១០. ប្រសិនជាក្ដៅខ្លួនគួរសម្រាកនៅផ្ទះ ផ្អាកទៅរៀន ឬ ទៅធ្វើការសិន និង មិនគួរទៅទីប្រជុំជនទេ
១១. សង្កេតមើលអាការខ្លួនឯងជាប្រចាំ ករណីបើខ្លួនឯង ឬ សមាជិកក្នុងគ្រួសារក្ដៅខ្លួន ឬ មានភាពខុសប្រក្រតីទាក់ទងនឹងផ្លូវដង្ហើមគួរប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ ៕