កុំលេងសើចប្រយ័ត្នស្លាក់ខ្យល់! ការអត់ដង្ហើមតាមវីដេអូចែកចាយ មិនអាចកំណត់ដឹងពីកូវីដ-១៩ បានទេ
បើយោងតាមគេហទំព័រ Sanook របស់ប្រទេសថៃបានចុះផ្សាយថា តាមដែលមានការ Share ពីការអត់ដង្ហើមដើម្បីធ្វើតេស្តសួតដោយខ្លួនឯង ខាង Anti-Fake News Center Thailand បានធ្វើការត្រួតពិនិត្យហើយ ហើយក៏បានបង្ហាញថាក្រសួងសុខាភិបាលរបស់ប្រទេសថៃបានប្រាប់ថា ព័ត៌មានទាំងនេះមិនពិតនោះទេ ។
ការអត់ដង្ហើម ១០ វិនាទីមិនអាចត្រួតពិនិត្យពីការឆ្លងជំងឺកូវីដ-១៩ បានទេ ក៏ព្រោះតែនៅលើបណ្ដាញសង្គមបង្ហាញថា អាចត្រួតពិនិត្យបានពីការប្រឈមមុខនឹងការឆ្លងជំងឺកូវីដ-១៩ បានដោយខ្លួនឯង ដោយគ្រាន់តែដកដង្ហើមចូលឱ្យបានច្រើន ហើយអត់ដង្ហើមតាមវីដេអូប្រមាណ ១០ វិនាទី ។ ការធ្វើបែបនេះធ្វើឱ្យយើងដឹងពីការក្អក ណែនទ្រូង ឬ អត់ ប្រសិនមិនមានអាការទេបង្ហាញថាអ្នកមិនមានជំងឺកូវីដ-១៩ ទេ ។
ខាងក្រសួងសុខាភិបាលរបស់ប្រទេសថៃបានធ្វើការបង្ហាញជុំវិញបញ្ហានេះថា ខណៈពេលនេះនៅមិនទាន់មានការស្រាវជ្រាវពីផ្នែកវេជ្ជសាស្ត្របញ្ជាក់ប្រាប់ថា វិធីទាំងនេះអាចត្រួតពិនិត្យការឆ្លងជំងឺកូវីដ-១៩ និង សួតបាននោះទេ ។ រួមទាំងការធ្វើតេស្តរកមេរោគកូវីដ-១៩ នៅមិនអាចធ្វើតេស្តបានដោយខ្លួនឯងនោះទេ ។ ការធ្វើតេស្តសួតដោយការអត់ដង្ហើម មិនអាចបញ្ជាក់ថាមានការរលាកឬអត់ទេ ពេទ្យជាអ្នកវិនិច្ឆ័យដោយការស្ដាប់សំឡេងថា រួមជាមួយការឆ្លុះមើល ។
ចំណែកអាការដំបូងរបស់អ្នកដែលមានការរលាកសួត ឬ សួតមានការឆ្លងមេរោគអ្វីដែលប្រទះឃើញជាញឹកញាប់គឺ ក្ដៅខ្លួន ក្អកមានស្លេស្ម ហត់ ពិបាកដកដង្ហើម និង ឈឺបរិវេណដើមទ្រូងនៅពេលដែលដកដង្ហើមចូល ការពិនិត្យត្រូវតែខាងគ្រូពេទ្យជាអ្នកពិនិត្យមិនអាចពិនិត្យដោយខ្លួនឯងបានទេ ៕