ទម្លាយហេតុផល ១០ យ៉ាង អាចបណ្តាលឱ្យអ្នកកើតមានជំងឺមហារីកបាន
មហារីក គឺជាជំងឺមួយដែលបណ្តាលមកពីកោសិកាសាហាវរីកលូតលាស់នៅក្នុងរាងកាយ ។ កោសិកានេះបានរីកលូតលាស់បង្កើតជាដុំសាច់មួយដែលហៅថាដុំពក ហើយនឹងរាលដាលទៅផ្នែកផ្សេងទៀតនៃរាងកាយ ។
ទោះបីជាជំងឺមហារីកជាជំងឺដ៏កាចសាហាវអាចបណ្ដាលឱ្យស្លាប់ ហើយរីកលូតលាស់នៅក្នុងរាងកាយលឿនក៏ពិតមែន ប៉ុន្តែមានអ្នកជំងឺមួយចំនួនដែលអាចព្យាបាលជាដោយជោគជ័យដោយការវះកាត់ ឬ ដោយសារការប្រើសារធាតុគីមី ការព្យាបាលជា ឬ មិនជាអាស្រ័យលើការរយៈពេលនៃការដឹង ។ បើយើងដឹងលឿន ហើយឆាប់ព្យាបាលឱកាសដែលអាចជាក៏មានច្រើន បើជំងឺនេះបានរីករាលដាលច្រើនហើយបានចាប់ផ្ដើមព្យាបាលឱកាសជាក៏មានតិចដូចគ្នា ។
តើមូលហេតុអ្វីបណ្តាលឱ្យកើតមានជំងឺមហារីក ?
ជាទូទៅគ្រូពេទ្យមិនអាចកំណត់ពីមូលហេតុពិតប្រាកដដែលបុគ្គលម្នាក់ៗកើតជំងឺនេះបានទេ ។ ទោះបីជាយ៉ាងណាក៏ដោយឯកសារដែលមានបច្ចុប្បន្ន រកឃើញថាមានកត្តាហានិភ័យមួយចំនួនដែលអាចបង្កើនឱកាសនៃការកើតជំងឺនេះ ៖
១. អាយុ ៖ អាយុដែលកើនឡើង កាន់តែមានឱកាសកើតជំងឺមហារីកកើនឡើងដូចគ្នា ។
២. បារី ៖ ការជក់បារីពាក់ព័ន្ធនឹងការកើតជំងឺមហារីកជាច្រើនដូចជា ដូចជាមហារីកសួត មហារីកបំពង់ក មហារីកមាត់ មហារីកបំពង់អាហារ មហារីកប្លោកនោម មហារីកតម្រងនោម មហារីកក្រពះ មហារីកលំពែង និង មហារីកមាត់ស្បូន ។
៣. ពន្លឺថ្ងៃ (UV) ៖ ពាក់ព័ន្ធនឹងជំងឺមហារីកស្បែក ។
៤. វិទ្យុសកម្មតាមធម្មជាតិ និង នុយក្លេអ៊ែរ ឧស្ម័នរ៉ាដ្យូម (Radon) ៖ ប្រសិនបើប៉ះពាល់ច្រើនពេកពាក់ព័ន្ធជាមួយនឹងជំងឺមហារីកគ្រាប់ឈាម មហារីកក្រពេញទីរ៉ូអ៊ីត មហារីកសុដន់ មហារីកសួត និង មហារីកក្រពះ ។
៥. សារធាតុគីមី ៖ ដូចជា asbestos, benzene, benzidine, cadmium, nickel ឬ vinyl chloride
៦. វីរុស ឬ បាក់តេរីមួយចំនួន ៖ ដូចជា វីរុស HPV វីរុសនៃជំងឺរលាកថ្លើមប្រភេទ B និង C ជាដើម ។
៧. ការទទួលអម៉ូន Estrogen ៖ ពាក់ព័ន្ធជាមួយនឹងការកើតជំងឺមហារីកសុដន់ ។
៨. ប្រវត្តិគ្រួសារកើតជំងឺមហារីក ៖ ជំងឺមហារីកខ្លះត្រូវបានផ្សារភ្ជាប់ទៅនឹងភាពមិនធម្មតានៃហ្សែន ទោះបីជាយ៉ាងណាក៏ដោយមហារីកដែលកើតមានតាមរយៈដំណរពូជមានតិចណាស់ ។
៩. ជាតិអាល់កុល ឬ គ្រឿងស្រវឹង ៖ ពាក់ព័ន្ធនឹងជំងឺមហារីកមាត់ មហារីកបំពង់ក មហារីកក្រពះពោះវៀន មហារីកថ្លើម និង មហារីកសុដន់ ។
១០. ការរស់នៅ ៖ ដូចជាការញ៉ាំអាហារដែលមានជាតិខ្លាញ់ច្រើន ពាក់ព័ន្ធទៅនឹងការកើតមានជំងឺមហារីកពោះវៀន មហារីកច្រមុះ និង មហារីកក្រពេញប្រូស្តាត ។ ធាត់ និង ហាត់ប្រាណតិចពាក់ព័ន្ធជាមួយជំងឺមហារីកសុដន់ មហារីកពោះវៀនធំ មហារីកបំពង់អាហារ មហារីកតំរងនោម និង មហារីកស្បូនជាដើម ៕