លុយមិនអាចទិញសុខភាពបានទេ! ទាំងនេះជាចំណេះដឹងទាក់ទងនឹងជំងឺបេះដូង អ្នកគួរតែដឹង!
ជំងឺបេះដូង គឺជាបុព្វហេតុច្បងនៃការស្លាប់របស់ប្រជាជន ដោយសារតែការរស់នៅ ការបរិភោគអាហារ កង្វះការថែរក្សាសុខភាពខ្លួនឯង មនុស្សមួយចំនួនប្រហែលជាមិនដឹងថាពួកគេមានជំងឺបេះដូងនោះទេ ។ ដោយសារតែរោគសញ្ញាមួយចំនួនអាចស្រដៀងនឹងជំងឺជាច្រើនទៀត ដូច្នេះយើងគួរតែយល់ដឹងទាក់ទងនឹងជំងឺនេះ ដើម្បីពិនិត្យមើលខ្លួនឯងថា តើមានកំពុងប្រឈមមុខនឹងជំងឺបេះដូងឬអត់ ?
-អាការជំងឺបេះដូង
អាការដែលអាចចង្ហាញថាជាជំងឺបេះដូងមានដូចជា៖
១. ឈឺ ណែនទ្រូងខាងឆ្វេង ឬ ទាំងសងខាង អ្នកជំងឺខ្លះឈឺទៅដល់ដៃឆ្វេង ឬដៃទាំងសងខាង ។
២. ជារឿយៗតែងតែឈឺ ណែនទ្រូងនៅពេលធ្វើចលនាដែលត្រូវបញ្ចេញកម្លាំង ឬ ពេលកំពុងហាត់ប្រាណ ពេលដើរឡើងជណ្តើរជាដើម អាការនឹងប្រសើរឡើងវិញបន្ទាប់ពីបញ្ឈប់សម្មភាពដែលត្រូវបញ្ចេញកម្លាំង ។
៣. មានអារម្មណ៍ថាងាយនឹងហត់នឿយជាងធម្មតា ញ័រទ្រូង បេះដូងលោតញាប់ វិលមុខដូចចង់សន្លប់ ភ្នែកព្រិលៗមើលមិនសូវច្បាស់ ដោយអាការនឹងកើតឡើងតែមួយភ្លែតទេនឹងបាត់ទៅវិញដោយខ្លួនឯង ។
៤. ជើងឡើងហើម ព្រោះបេះដូងផ្នែកខាងស្តាំដំណើរការមិនល្អ ដូច្នេះឈាមដក់នៅជើងច្រើនដោយសារតែឈាមរត់ពីជើងទៅបេះដូងមិនបានស្រួល ។
-ប្រភេទនៃជំងឺបេះដូង
ប្រភេទនៃជំងឺបេះដូងមានច្រើន តែប្រភេទដែលសំខាន់ៗមាន៖
១. ជំងឺស្ទះសរសៃឈាមបេះដូង
២. ជំងឺវិបត្តិចង្វាក់បេះដូង
៣. ជំងឺសាច់ដុំបេះដូង
៤. ជំងឺសន្ទះបេះដូង
-មូលហេតុនៃជំងឺបេះដូង
ជំងឺស្ទះសរសៃឈាមបេះដូងច្រើនតែបណ្តាលមកពីដុំខ្លាញ់ ឬ កំណកឈាមដែលធ្វើឱ្យស្ទះសរសៃឈាមក្នុងបេះដូងនៅពេលដែលកើនឡើងយូរៗទៅ បេះដូងមិនអាចដំណើរការបានពេញប្រសិទ្ធិភាព សរីរាង្គផ្សេងៗទទួលរងនូវការផ្គត់ផ្គង់ឈាមមិនបានគ្រប់គ្រាន់ ។
ម៉្យាងទៀតជំងឺបេះដូងកើតឡើងដោយការឆ្លងមេរោគ ឬ បានទទួលសារធាតុពុលមួយចំនួន រួមទាំងបានទទួលជំងឺតាមរយៈតំណពូជដូចជា ជំងឺរីកសាច់ដុំបេះដូង (Dilated Cardiomyopathy – DCM) ជំងឺសាច់ដុំបេះដូង ។
-កត្តាដែលប្រឈមមុខនឹងជំងឺបេះដូង
១. អាយុ៖ មនុស្សចាស់ដែលមានអាយុច្រើន សរីរាង្គខាងក្នុងផ្សេងៗមានប្រសិទ្ធភាពថយចុះ ដូច្នេះហើយប្រឈមមុខនឹងជំងឺស្ទះសរសៃឈាមបេះដូង ។
២.តំណពូជ៖ ជំងឺបេះដូងមួយចំនួនអាចបញ្ចូនបន្តតាមរយតំណពូជ ដូច្នេះប្រសិនបើសមាជិកគ្រួសារមានជំងឺបេះដូងអ្នកក៏អាចមានផងដែរ ។
៣. ទម្លាប់នៃការរស់នៅ៖ ដូចជាការជក់បារី សារធាតុពុលនៅក្នុងបារីប៉ះពាល់ដល់សរសៃឈាមបេះដូង ។ ការបរិភោគអាហារដែលមានជាតិខ្លាញ់ អំបិល ស្ករ ឬ កូលេស្តេរ៉ុលខ្ពស់ និង មិនបានហាត់ប្រាណគឺជាកត្តាមួយទៀតដែលអាចនាំឱ្យមានជំងឺបេះដូងផងដែរ ។
៤. ស្ត្រេស៖ ប៉ះពាល់ដល់បេះដូង និង សរសៃឈាមបេះដូងដែលនាំឱ្យមានការរំខានដល់ Sympathetic Nervous System វានឹងពន្លឿនការបំផ្លាញស្រទាប់កោសិកានៃជញ្ជាំងសរសៃឈាម ។ ភាពតានតឹង ឬ ស្រ្តេស ក៏អាចជះឥទ្ធិពលយ៉ាងខ្លាំងទៅឈាមដែលរត់ទៅផ្គត់ផ្គង់បេះដូង ដែលអាចបណ្តាលឱ្យកើតជំងឺវិបត្តិចង្វាក់បេះដូងដែរ ៕