ក្រពះឧស្សាហ៍ធ្វើទុក្ខ ហើយជួបបញ្ហាច្រាលទឹកអាស៊ីតក្រពះ គួរដឹងពីចំណុចទាំងនេះ
១. អ្វីទៅជាជំងឺជំងឺច្រាលទឹកអាស៊ីតក្រពះ (GERD)
ជំងឺច្រាលទឹកអាស៊ីតក្រពះ Gastroesophageal reflux disease (GERD គឺជាការច្រាលឡើងនៃជាតិអាស៊ីតក្នុងក្រពះមកក្នុងបំពងអាហារ ក្រអូមមាត់ ឬ សួត ហើយបណ្ដាលឱ្យអ្នកជំងឺមានអាការចុក ផ្សា ក្រហាយនៅកណ្តាលទ្រូង (Heartburn) ឬ មានអារម្មណ៍ថាមានចំណីអាហារជាតិជូរ ល្វីងច្រាលមកមាត់វិញ (Acid reflux) ។
២. មូលហេតុ និង កត្តាជំរុញ
ជំងឺច្រាលទឹកអាស៊ីតក្រពះមានមូលហេតុ និង កត្តាជំរុញដូចខាងក្រោម៖
១. ភាពមិនប្រក្រតីនៃបំពង់អាហារ
២. ការប្រើប្រាស់គ្រឿងស្រវឹង ឬ កាហ្វេច្រើនពេក
៣. ជក់បារី
៤. សំពាធស្ត្រេស
៥. បរិភោគអាហារពេលយប់ជ្រៅ និង មិនទៀងពេល
៦. បរិភោគអាហារចៀនញឹកញាប់
៧. ការប្រើប្រាស់ថ្នាំដូចជាអាស្ពីរីន
៨. លើសទម្ងន់ ឬ ធាត់
៣. សញ្ញា និង រោគសញ្ញា
អាការនេះចាប់ផ្តើមពីផ្នែកដោះ (Breastbone) ហើយរាលឡើងតាមខាងក្រោយឆ្អឹងសន្ទះទ្រូង (Sternum) ទៅផ្នែកខាងក្រោយក ជួនកាលរាលទៅដើមក ។ រោគសញ្ញាកាន់តែធ្ងន់ឡើងបន្ទាប់ពីញុំាអាហារ ព្រោះនៅពេលនោះ មានការកើនឡើងនូវការផលិតអាស៊ីត ។
៤. វិធីការពារ និង ជៀសវាង
ដើម្បីការពារពីជំងឺច្រាលទឹកអាស៊ីតក្រពះ (GERD) គួរតែអនុវត្តិតាមវិធីដូចជា៖
១. ញ៉ាំអាហារទៀងពេលវេលា
២. កាត់បន្ថយការញ៉ាំអាហារពេលយប់ជ្រៅ ហើយចៀសវាងការញ៉ាំអាហារហើយគេងគេងភ្លាម ។
៣. ចៀសវាងអាហារណាដែលបណ្តាលឱ្យអាការកំរើបឡើងមានដូចជា តែ កាហ្វេ ភេសជ្ជៈមានជាតិហ្កាស អាហារមានខ្លាញ់ច្រើនជាដើម ។
៤. ញ៉ាំអាហារឱ្យយឺតៗ កុំញ៉ាំលឿនពេក ទំពាអាហារឱ្យបានហ្មត់មុនលេប ។
៥. ធ្វើសកម្មភាពណាដែលកាត់បន្ថយស្ត្រេស ការតានតឹងដូចជា ការធ្វើហាត់ប្រាណ អានសៀវភៅ ស្តាប់តន្ត្រី មើលកុន ធ្វើសមាធិ និង សម្រាកឱ្យបានគ្រប់គ្រាន់ជាដើម ។
៥. ការព្យាបាល
ការព្យាបាលជំងឺច្រាលទឹកអាស៊ីតក្រពះ (GERD) អាចធ្វើបានតាមវិធីដូចជា ៖
១. ការព្យាបាលជាមួយថ្នាំបន្ថយនូវការផលិតអាស៊ីតនៅក្នុងក្រពះ
២. ការវះកាត់ដើម្បីពង្រឹងការរឹងមាំងរបស់បំពង់អាហារ ក្នុងចំណុចនេះវេជ្ជបណ្ឌិតនឹងពិចារណាតាមអាការ ។