ក្រោកពីគ្រែមិនរួច ចង់តែគេងហើយគេងទៀត នេះជាអាការនៃការញៀនគេង ឬ ជំងឺឆ្កួតគេង
គេងជាប់នៅលើគ្រែ មិនចង់ក្រោកពីលើគ្រែ សូមប្រយ័ត្នឱ្យបានមែនទែន អាចនឹងមានជំងឺញៀននឹងការគេង ដែលគេតែងតែស្គាល់ថាជាជំងឺ Clinomania ឬ dysnania ។
១. ជំងឺ Clinomania គឺជាអ្វី ?
ពាក្យថា Clinomania អាចបំបែកចេញជា ២ ពាក្យគឺ CLINO មានន័យថា BED ឬ គ្រែ និង MANIA មានន័យថា ADDICT ឬ ញៀន ។ ដូច្នេះបកប្រែថា ញៀននឹងគ្រែ ឬ គេង ។ ជំងឺ Clinomania គឺជាអាការរបស់អ្នកដែលឆ្កួតនឹងការគេងលើគ្រែ ទោះបីគេងពេញមួយថ្ងៃក៏មិនធុញ ដែលអាចឈានដល់ការខ្សោយកម្លាំង មានអារម្មណ៍មិនស្រស់ថ្លា ធេងធោង និង អាចបង្ហាញថាអ្នកជំងឺកំពុងមានទុក្ខកង្វល់លាក់ក្នុងចិត្ត ។ អ្នកជំងឺខ្លះអាចមានអាការស្ត្រេស ឬអាការបាក់ទឹកចិត្តថែមទៀត ។
២. សង្កេតអាការដំបូង
សាកសង្កេតមើលអាការទាំងនេះដើម្បីដឹងថាអ្នកអាចប្រឈមមុខនឹងជំងឺនេះឬទេ តាមវិធីទាំងនេះ ៖
• ចូលចិត្តគេង (មានន័យថាមិនចង់ធ្វើអ្វីទាំងអស់ គេងតែម្យ៉ាងគត់ ទំនេរគេងរហូត) ។
• រាល់ពេលដែលក្រោកពីគេង អ្វីដែលចង់ធ្វើគឺត្រឡប់ទៅគេងវិញ ។
• ពេលវេលាល្អបំផុតគឺបានគេងនៅលើគ្រែ ។
• ធ្វើរាល់សកម្មភាពផ្សេងៗនៅលើគ្រែដូចជា ការញ៉ាំ ការធ្វើ រៀនជាដើម ។
• មានអារម្មណ៍ថាគេងមិនគ្រប់គ្រាន់ ទោះបីជាគេងមកហើយ ១២ ម៉ោង ។
៣. ប្រសិនជាមានអាការទាំងនេះគួរធ្វើដូចម្ដេច ?
បើពិនិត្យមើលខ្លួនឯងហើយឃើញថាមានចំណុចទាំងនេះច្រើន គឺមានន័យថាអ្នកកំពុងមានជំងឺ Clinomania ហើយ ។ ជាបឋមគួរតែងសង្កេតមើលអាការៈរបស់ខ្លួនឯងមើលមួយរយៈសិន សាកហាត់ប្រាណ ញ៉ាំអាហារដែលមានប្រយោជន៍ ផ្លាស់ប្ដូរទម្លាប់ការស់នៅ ប្រសិនបើនៅតែមានអាការៈទាំងនេះទៀត អ្នកគួរទៅជួបគ្រូពេទ្យដើម្បីប្រឹក្សាស្វែងរកវិធីព្យាបាលដែលត្រឹមត្រូវ ព្រោះថាអ្នកជំងឺខ្លះមិនអាចព្យាបាលឲ្យជាសះស្បើយដោយខ្លួនឯងបានឡើយ គឺត្រូវពឹងពាក់លើក្បួនវេជ្ជសាស្ត្រ ៕