ឃ្លានក៏ញ៉ាំ មិនឃ្លានក៏ញ៉ាំ ចង់តែញ៉ាំមិនឈប់ ឆាប់ទៅរកពេទ្យប្រញាប់ ក្រែងមានជំងឺមួយនេះ
១. ជំងឺ Binge Eating គឺជាអ្វី ?
Binge Eating ឬ ជំងឺញ៉ាំមិនឈប់ វាគឺជាជំងឺដែលអ្នកជំងឺញ៉ាំចំណីអាហារក្នុងបរិមាណច្រើន មិនដឹងពេលវេលា និង មិនអាចឃាត់អារម្មណ៍ខ្លួនឯងបានពេលឃើញនំចំណីឆ្ងាញ់ៗម្ដងៗ មានមូលហេតុជាច្រើន ហើយអាចមានទាំងការស្ត្រេស ធុញថប់ មួម៉ៅ សម្ពាធ និង ភាពតានតឹង ។
២. អាការរបស់ជំងឺ Binge Eating
អ្នកជំងឺដែលមានជំងឺនេះ ពួកគេនឹងញ៉ាំអាហារក្នុងបរិមាណដែលច្រើន ទាំងដែលមិនឃ្លាន មិនដឹងថាឃ្លាន ឬក៏ឆ្អែតទេ ។ ជាលទ្ធផលធ្វើឱ្យពួកគេឡើងទម្ងន់លឿន ហើយទីបំផុតនឹងក្លាយជាជំងឺធាត់ ។
៣. អាការដែលអាចសង្កេតឃើញ
• ជារឿយៗក្រោយពីអ្នកជំងឺញ៉ាំអាហារដែលមានបរិមាណច្រើនរួច នឹងមានអារម្មណ៍ថាខ្មាសអៀន ឬ ខ្ពើមរអើមខ្លួនឯង ។
• មានជំងឺធ្លាក់ទឹកចិត្ត ឬ មានការភ័យព្រួយ
• ការញ៉ាំអាហារច្រើនរហូតដល់ចំណុចមិនស្រួលខ្លួន
• បន្តញ៉ាំអាហាររហូតដោយមិនអាចបញ្ឈប់បាន
• មានអារម្មណ៍ថាមិនអាចគ្រប់គ្រងញ៉ាំអាហារបាន
• មានការញ៉ាំនៅពេលយប់ជ្រៅ
• មានការលាក់ទុក ឬ ត្រៀមចំណីអាហារនៅជុំវិញផ្ទះ ដើម្បីអាចញ៉ាំបានគ្រប់ទីកន្លែង និង គ្រប់ពេលវេលា ។
• ទម្ងន់មិនថិតថេរឡើង ចុះលឿន
• ពិបាកចិត្ត និង ជៀសវាងការរួមភេទ
• ភាពជឿជាក់លើខ្លួនឯងមានការថយចុះខុសពីធម្មតា
៤. វិធីព្យាបាលជំងឺ Binge Eating
ការព្យាបាលផ្លូវចិត្តមានប្រសិទ្ធភាពខ្លាំងជាងការប្រើប្រាស់ថ្នាំ ដូច្នេះវេជ្ជបណ្ឌិតអាចពិចារណាទៅលើការព្យាបាលផ្លូវចិត្តរួមជាមួយការប្រើប្រាស់ថ្នាំ ដើម្បីទទួលបានប្រសិទ្ធភាពព្យាបាលកាន់តែប្រសើរឡើង ។
ព្យាបាលដោយការផ្លាស់ប្តូរគំនិត និង ឥរិយាបថនៃការញ៉ាំដោយមានគោលដៅកាត់បន្ថយពីការញ៉ាំមិនឱ្យញ៉ាំញឹកញាប់ពេក ។ ដោះស្រាយជាមួយបញ្ហាផ្លូវចិត្តដូចជា ការធ្លាក់ទឹកចិត្ត និង ជម្លោះផ្លូវចិត្តរបស់អ្នកជំងឺ ។ ប្រសិនបើអ្នកមានរោគសញ្ញាបែបនេះ ឬ ឃើញមនុស្សដែលស្គាល់គ្នាមានឥរិយាបថញ៉ាំខុសធម្មតាដូចខាងលើ គួរតែណែនាំឱ្យទៅជួបគ្រូពេទ្យជាបន្ទាន់ ៕