៥ យ៉ាងនេះភ្លឺភ្នែក ផ្លែទុរេនមានអត្ថប្រយោជន៍ច្រើនណាស់ ដល់សុខភាពអ្នកញ៉ាំ
ទុរេនជាផ្លែឈើមួយប្រភេទ ដែលប្រជាជនខ្មែរនិយមទទួលទាន ដោយសារតែរសជាតិផ្អែមឆ្ងាញ់របស់វា ។ ក្រៅពីមានរសជាតិឆ្ងាញ់ហើយ ផ្លែទុរេនមានប្រយោជន៍ជាច្រើនចំពោះសុខសុខភាពទៀតផង មានដូចជា ៖
១. ល្អដល់បេះដូង
មានការស្រាវជ្រាវមួយពីអត្ថប្រយោជន៍របស់ទុរេនបានបង្ហាញឱ្យឃើញថា ផ្លែទុរេនអាចការពារពីជំងឺបេះដូង ។ ជាតិសរសៃនៅក្នុងផ្លែទុរេនជួយកាត់បន្ថយបរិមាណកូលេស្តេរ៉ូលនៅក្នុងឈាម ដោយការរំលាយកូលេស្តេរ៉ូលក្នុងឈាម LDL (កូលេស្តេរ៉ូលមិនល្អ) ចេញពីរាងកាយ ហើយអាចរំលាយបានយ៉ាងឆាប់រហ័ស មុនពេលដែលកូលេស្តេរ៉ូល LDL នេះចូលទៅបំផ្លាញប្រព័ន្ធរបត់ឈាម ។
២. រក្សាតុល្យភាពនៃសម្ពាធឈាម
ទុរេន គឺជាផ្លែឈើមួយប្រភេទដែលសម្បូរទៅដោយប៉ូតាស្យូម ។ ប៉ូតាស្យូមវាភ្ញោចសាច់ដុំបេះដូងឱ្យកន្ត្រាក់យ៉ាងទៀងទាត់ ដែលនាំឱ្យចង្វាក់បេះដូងមានភាពប្រក្រតី ។ ម៉្យាងទៀតវាគ្រប់គ្រងបរិមាណសូដ្យូមក្នុងឈាមឱ្យនៅស្ថេរ ហើយស្របពេលដែលទុរេនមានផ្ទុកជាតិសូដ្យូមតិចផងនោះ អ្នកលើសឈាមក៏អាចទទួលទានទុរេនយ៉ាងមានសុវត្ថិភាព ។
៣. ប្រឆាំងនឹងស្នាមជ្រីវជ្រួញ
ទុរេន មានលក្ខណៈសម្បតិ្តប្រឆាំងនឹងអុកស៊ីតកម្ម ការញ៉ាំទុរេននឹងបង្កើនសមត្ថភាពដល់រាងរាងកាយក្នុងការកម្ចាត់អុកស៊ីតកម្ម ។ ការកម្ចាត់អុកស៊ីតកម្មនេះនឹងកាត់បន្ថយឱកាសនៃការកើតមានស្នាមជ្រួញ និង ស្នាមអុចខ្មៅលើផ្ទៃមុន ជាដើម ។
៤. ការពារជំងឺស្លេកស្លាំង (Anemia)
ទុរេនមានផ្ទុកអាស៊ីតហ្វូលីកខ្ពស់ អាស៊ីតហ្វូលិកគឺជាសមាសធាតុសំខាន់ក្នុងការផលិតកោសិកាឈាមក្រហម ។ លើសពីនេះទៅទៀតទុរេនគឺជាប្រភពនៃជាតិដែក និង ទង់ដែងដែលជាសមាសធាតុសំខាន់ ២ ទៀតនៃកោសិកាឈាមក្រហម ។ នៅពេលដំណើរការផលិតកោសិកាឈាមក្រហមត្រលប់មកសភាពប្រក្រតីវិញ រោគសញ្ញានៃជំងឺស្លកសាំងនឹងបាត់ទៅវិញដែរ ។
៥. បំប៉នឆ្អឹងឱ្យរឹងមាំ
ទុរេន គឺជាប្រភពនៃម៉ាញ៉េស្យូម ប៉ូតាស្យូម ម៉ង់ហ្គាណែស និង ទង់ដែង ដែលសារធាតុទាំងនេះមានតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងឆ្អឹង ។ ប៉ូតាស្យូមក៏ជួយបង្កើនការស្រូបយកសារធាតុចិញ្ចឹមពីកោសិកាផងដែរ ដូច្នេះទើបជួយបន្ថែមសារធាតុរ៉ែដែលមានប្រយោជន៍ជាច្រើន ហើយសារធាតុរ៉ែចាំបាច់ទាំងនេះជួយការពារជំងឺពុកឆ្អឹងទៀត ៕