អ្វីជាជំងឺមហារីកសួត? ជំងឺនេះអាចឆក់យកជីវិតមនុស្សលំដាប់ទី ១ ចំណោមជំងឺទាំងអស់
ជំងឺមហារីកសួត (Lung Cancer) គឺជាជំងឺមហារីកមួយប្រភេទ ដែលឆក់យកជីវិតមនុស្សរាប់លាននាក់ជារៀងរាល់ឆ្នាំ ។ ភាគច្រើនវាកើតចេញពីកោសិកាស្រទាប់ខាងលើបង្អស់នៃទងសួតធំ ដែលវាត្រូវបានគេហៅឈ្មោះម្យ៉ាងទៀតថាជំងឺមហារីកសួត ដែលបណ្ដាលមកពីទងសួតធំ (Bronchial Carcinoma) ។
តាមការសិក្សាស្រាវជ្រាវបានបង្ហាញថា ៩០% នៃការកើតជំងឺមហារីកសួត សុទ្ធតែមានទំនាក់ទំនងជាមួយការជក់បារី ចំណែកអ្នកដែលមិនជក់បារីក៏មានឱកាសកើតជំងឺមហារីកសួតបានដែរ ។ ថ្វីដ្បិតតែរហូតមកដល់បច្ចុប្បន្ននេះ មូលហេតុនៃការកើតជំងឺមហារីកសួតមិនទាន់ត្រូវបានគេរកឃើញទាំងស្រុងមែន ប៉ុន្ដែមានកត្តារួមចំណែកមួយចំនួនដែលអាចជំរុញការកើតជំងឺមហារីកសួតបាននោះ មានដូចជា ៖
១. កត្តាបំពុលបរិយាកាស
២. កត្តាអាយុ
៣. កត្តាដំណរពូជ
អ្នកជំងឺមហារីកសួតភាគច្រើនរកឃើញទៅលើក្រុមមនុស្សដែលមានវ័យចាប់ពីអាយុ ៤០ ឆ្នាំឡើងទៅ (អាយុក្រោម ៤០ ក៏មានខ្លះដែរ) ហើយវ័យដែលមានហានិភ័យខ្ពស់គឺនៅចន្លោះពី ៦៥ ឆ្នាំឡើងទៅ (មធ្យមប្រមាណ ៧០ ឆ្នាំ) ។
រោគសញ្ញានៃជំងឺមហារីកសួតអាចត្រូវបានគេយល់ច្រឡំជាមួយជំងឺមួយចំនួនដូចជា ការឆ្លងមេរោគនៅសួត ឬ លទ្ធផលក្រោយការជក់បារីយូរ ។ រោគសញ្ញាភាគច្រើនដែលកើតឡើងគឺនៅពេលដែលជំងឺបានឈានដល់ដំណាក់ធ្ងន់ទៅហើយ រោគសញ្ញាទូទៅដែលជួបប្រទះច្រើនបំផុតមានដូចជា ៖
១. ក្អករ៉ាំរ៉ៃ
២. ក្អកមានឈាម
៣. ឈឺទ្រូង ឬ ការឈឺណែនក្នុងទ្រូង
៤. ដកដង្ហើមខ្លីៗ
៥. ស្រកទម្ងន់ដោយគ្មានមូលហេតុ
៦. ហត់លឿន ទន់ខ្សោយ អស់កម្លាំង
រោគសញ្ញាទាំងនេះអាចមិនពាក់ព័ន្ធនឹងជំងឺមហារីកក៏ថាបាន ដោយសារតែមានជំងឺជាច្រើនមុខទៀតដែលមានរោគសញ្ញាស្រដៀងគ្នាដែរ ។ ទោះជាយ៉ាងណាក៏ដោយ អ្នកដែលមានរោគសញ្ញាទាំងនេះគួរតែពិគ្រោះជាមួយគ្រូពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យ និង ព្យាបាលឱ្យបានឆាប់ ។
ការត្រួតពិនិត្យមើលជំងឺមហារីកសួតមានវិធីក្នុងការមើលច្រើនប៉ុន្តែវិធីដែលគ្រូពេទ្យប្រើច្រើនមានដូចជា ៖
១. ការថតកាំរស្មី X ផ្នែកប្រអប់ទ្រូង
២. ការថត CT ផ្នែកប្រអប់ទ្រូង
៣. ការច្រឹបយកសាច់ទៅធ្វើកុសលវិច្ចយ័
ក្រោយពីការពិនិត្យរួចហើយ បើលទ្ធិផលបញ្ជាក់ថាមានជំងឺមហារីកត្រូវទទួលការព្យាបាល ចំពោះការព្យាបាលត្រូវអាស្រ័យលើគ្រូពេទ្យជាអ្នកសម្រេចថាត្រូវព្យាបាលតាមវិធីណា ៕