ខែសាវម៉ាវហើយ! ៥ យ៉ាង ពីផ្លែសាវម៉ាវមានប្រយោជន៍ ចំពោះម៉ាក់ៗកំពុងពពោះកូន
អ្នកមានផ្ទៃពោះអាចញ៉ាំផ្លែសាវម៉ាវបាន ដោយពុំមានផលប៉ះពាល់អ្វីឡើយ ហើយមានផលប្រយោជន៍ច្រើនទៀ ។ ទោះបីជាផ្ដល់អត្ថប្រយោជន៍ជាច្រើនចំពោះម្ដាយមានផ្ទៃពោះក៏ដោយ ប៉ុន្តែក៏អាចមានផលប៉ះពាល់ផងដែរប្រសិនជាញ៉ាំច្រើនពេក ឬ ញ៉ាំផ្លែសាវម៉ាវដែលទុំជ្រុល ក៏អាចមានជាតិអាល់កុល និង អាចបង្កគ្រោះថ្នាក់ដល់ទាំងម្ដាយ និង ទារកបានដែរ ។ ម្យ៉ាងទៀតសាវម៉ាវមានកម្រិតជាតិស្ករខ្ពស់ជាងតម្រូវការរបស់រាងកាយក្នុងមួយថ្ងៃ ដូច្នេះត្រូវតែមានការប្រុងប្រយ័ត្នក្នុងការញ៉ាំ ។
អត្ថប្រយោជន៍មួយចំនួន ដែលម្ដាយមានផ្ទៃពោះទទួលបានពីផ្លែសាវម៉ាវ មានដូចជា ៖
១. មានសារធាតុប្រឆាំងអុកស៊ីតកម្ម
ផ្លែសាវម៉ាវមានផ្ទុកវីតាមីន C ដែលដើរតួជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម និង ជួយក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំរបស់រាងកាយ ហើយវាអាចប្រឆាំងនឹងជំងឺផ្ដាសាយ គ្រុនក្ដៅ ឈឺក្បាល និង ជួយឲ្យម្ដាយមានសុខភាពល្អ ។
២. កាត់បន្ថយអាការចាញ់កូន
ចំពោះម្តាយដែលកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃការមានផ្ទៃពោះ អាចមានអាការចាញ់កូនដូចជា ក្អួត ចង្អោរ ឬ វិលមុខ អាចសាកល្បងញ៉ាំផ្លែសាវម៉ាវបាន ព្រោះវាអាចកាត់បន្ថយអាការទាំងនេះបានយ៉ាងមានប្រសិទ្ធភាព ។
៣. ជួយពង្រឹងឆ្អឹងឱ្យរឹងមាំង
ផ្លែសាវម៉ាវមានជាតិកាល់ស្យូម ដែលជួយលើរឿងទម្ងន់របស់ទារកឱ្យស្ថិតក្នុងស្ដង់ដាត្រឹមត្រូវ និង ជួយពង្រឹងដល់ឆ្អឹងរបស់ទារកក្នុងផ្ទៃ ។
៤. ជួយដល់ប្រព័ន្ធរំលាយអាហារ
ផ្លែសាវម៉ាវមានផ្ទុកជាតិផូស្វ័រ ដែលអាចជួយក្នុងការរំលាយអាហារ និង កាត់បន្ថយការទល់លាមកបានយ៉ាងល្អ ។ លើសពីនេះទៅទៀតផូស្វ័រក៏ជួយក្នុងការច្រោះសារធាតុពុលក្នុងតម្រងនោម ឱ្យតម្រងនោមធ្វើការបានពេញប្រសិទ្ធភាព និង ជួយឱ្យរាងកាយនាំយកធាតុរ៉ែ និង វីតាមីនដែលទទួលបានពីការញ៉ាំអាហារទៅប្រើប្រាស់បានច្រើន ។
៥. ប្រភពនៃជាតិដែក
ផ្លែសាវម៉ាវ គឺជាប្រភពនៃជាតិដែក ដែលជួយក្នុងការរក្សាកម្រិតគ្រាប់ឈាមអេម៉ូក្លូប៊ីនចំពោះម្តាយមានផ្ទៃពោះ ។ បន្ថែមពីនេះ វាក៏ជួយកាត់បន្ថយអាការអស់កម្លាំង និង ពង្រឹងប្រព័ន្ធភាពស៊ាំក្នុងរាងកាយ ហើយក៏មានចំណែកជួយដល់ភាពស្លកស្លាំងផងដែរ ៕