ញ៉ាំព្រីងរាល់ថ្ងៃ តិចអត់ដឹងអត្ថប្រយោជន៍ដ៏អស្ចារ្យរបស់ផ្លែព្រីង ជំនួយសុខភាពច្រើនណាស់
ព្រីង គឺជាផ្លែឈើម៉្យាងដែលគេមិនសូវស្គាល់ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែផ្ទុកដោយសារធាតុចិញ្ចឹមខ្ពស់ ដូច្នេះគួរតែស្វែងយល់ និង ទាញយកផលប្រយោជន៍ពីវាដើម្បីជួយដល់សុខភាព ។ តើផ្លែព្រីងមានអត្ថប្រយោជន៍ដ៏អស្ចារ្យអ្វីខ្លះ?
១. ផ្លែព្រីងសម្បូរទៅដោយវីតាមីន ៖ ផ្លែព្រីង គឺជាផ្លែឈើម្យ៉ាងដែលមានអាហារូបត្ថម្ភខ្ពស់ សម្បូរទៅដោយវីតាមីន និង ជាតិរ៉ែ ដូចជា វីតាមីន C ជាតិដែក ម៉ាញេស្យូម វីតាមីនក្រុម B កាបូអ៊ីដ្រាត (Carbohydrate) អាស៊ីតខ្លាញ់ (Fatty acid) តានីន (Tannin) អាស៊ីតអេលីហ្គិក (Ellagic acid) ហើយមានសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនដូចជាសារជាតិ Flavanols សារធាតុ Anthocyanins វីតាមីន C ជាដើម ។
២. ផ្លែព្រីងមានគុណសម្បត្តិក្នុងការព្យាបាលជំងឺរាករូស ៖ ញ៉ាំផ្លែព្រីងខ្ចីអាចព្យាបាលជំងឺរាករូសបាន ផ្លែទុំជួយបំបាត់ការឈឺពោះ និង រាកមួលផងដែរ ។
៣. ផ្លែព្រីងកាត់បន្ថយកម្រិតជាតិស្ករ និង ខ្លាញ់ក្នុងឈាម ៖ ការសិក្សាមួយបានបង្ហាញថាផ្លែព្រីងជួយឱ្យសរសៃឈាមដំណើរការបានល្អជាងមុន កម្រិតជាតិស្ករក្នុងឈាម និង ជាតិខ្លាញ់ក្នុងឈាមថយចុះ ។
៤. កាត់បន្ថយហានិភ័យនៃជំងឺបេះដូង ៖ ផ្លែព្រីងអាចជួយកាត់បន្ថយហានិភ័យនៃជំងឺលើសឈាម ជំងឺស្ទះសរសៃឈាមបេះដូង និង ជំងឺបេះដូង ។
៥. ជួយថែរក្សាស្បែក និង មិនឱ្យឆាប់ចាស់ ៖ ដោយសារតែព្រីងមានសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនមុខ ហើយក៏មានការសិក្សាមួយបានបញ្ជាក់ថា សារធាតុប្រឆាំងអុកស៊ីតកម្មជួយដល់ស្បែកជាច្រើន និង ជួយឱ្យកោសិកានៅក្នុងខ្លួនមិនងាយបាត់បង់ ។ ជាមួយហេតុផលទាំងនេះផ្លែព្រីងជួយធ្វើឱ្យស្បែកមានសុខភាពល្អ និង មិនងាយចាស់ ។
៦. ប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក ៖ ផ្លែព្រីងត្រូវបានគេរកឃើញថាមានសារធាតុប្រឆាំងនឹងជំងឺមហារីក និង ទប់ស្កាត់កោសិកាមហារីកពោះវៀនធំ និង មហារីកសុដន់ ។
ទោះបីជាផ្លែព្រីងមានប្រយោជន៍ច្រើនក៏ពិតមែន ប៉ុន្តែគួរតែដឹងនូវចំណុចទាំងនេះមុនញ៉ាំវា ៖
១. ស្ត្រីមានផ្ទៃពោះ និង ម្ដាយកំពុងបំបៅកូនគួរតែចៀសវាងការញ៉ាំព្រីងដើម្បីធ្វើជាឱសថព្យាបាល ព្រោះតែមិនទាន់មានឯកសារពេទ្យបញ្ជាក់ច្បាស់ថាមានសុវត្ថិភាព ។
២. អ្នកជំងឺទឹកនោមផ្អែមដែលចង់គួរទៅពិគ្រោះជាមួយគ្រូពេទ្យសិន ទោះបីវាបញ្ចុះជាតិស្ករក្នុងឈាមមែន ប៉ុន្តែអាចបង្កគ្រោះថ្នាក់ដល់អ្នកដែលកំពុងប្រើថ្នាំទឹកនោមផ្អែម ៕