បើកបង្ហាញវិធីថែរក្សាស្បែក តាមប្រភេទស្បែក មិត្តនារីៗមិនគួរមើលរំលង
ការយល់ដឹងអំពីស្បែក គឺជាប្រការចាំបាច់ក្នុងការថែរក្សាស្បែក ពុំនោះទេមិនថាអ្នកព្យាយាមប៉ុនណាឡើយ លទ្ធផលនៅតែពុំសមបំណង មិនខុសអ្វីពីការប្រើថ្នាំមិនត្រូវនឹងជំងឺឡើយ ។ ជាដំបូងអ្នកត្រូវស្វែងយល់អំពីប្រភេទស្បែកមុខជាមុនសិន ទើបអាចដឹងច្បាស់ថាត្រូវថែរក្សាស្បែកតាមវិធីណា ។ ខាងក្រោមនេះ គឺជាវិធីថែរក្សស្បែកតាមប្រភេទស្បែកមុខ ៖
-ស្បែកប្រភេទខ្លាញ់
• លាងមុខរៀងរាល់ពេល ៤ ម៉ោងម្តង និងប្រើផលិតផលលាងមុខដែលអាចសម្អាតបានជ្រៅក្នុងរន្ធរោម/ញើស ។
• កុំប្រើម័សឈឺរ៉ាយសឺ និងគ្រីម នៅរដូវក្តៅ ពីព្រោះផលិតផលទាំងនេះ នឹងធ្វើឱ្យស្បែកកាន់តែឡើងខ្លាញ់ ។
• កុំសាកប្រើផលិតផលផ្តេសផ្តាស ពីព្រោះស្បែកមុខខ្លាញ់ជាប្រភេទស្បែកងាយប្រតិកម្ម ដូចជា ឡើងកន្ទួលក្រហម ស្នាមក្រហម ឬធ្ងន់ធ្ងរជាងនេះក៏មាន ។
• ប្រើម៉ាសបិតមុខ (ឬធ្វើដោយខ្លួនឯង) ដែលត្រូវនឹងប្រភេទស្បែកខ្លាញ់ជាប្រចាំ ដើម្បីកាត់បន្ថយជាតិខ្លាញ់ពីផ្ទៃមុខ ។
• ញ៉ាំទឹកឱ្យបានច្រើន ឬញ៉ាំអាហារដែលសម្បូរជាតិទឹក ដូចជា ទឹកផ្លែឈើ ស៊ុប ទឹកដោះគោ ផ្លែឪឡឹក ទឹកដូង ជាដើម ព្រោះអាហារទាំងនេះជួយកាត់បន្ថយការកើតមុនធំៗ ។
• កុំលាងមុខដោយប្រើសាប៊ូដុំ ឬហ្វូមលាងមុខធម្មតាៗ គួរប្រើសាប៊ូ ឬហ្វូមណាដែលស័ក្តសមនឹងស្បែកខ្លាញ់ ។ ប្រសិនបើមុខរបស់អ្នកមិនត្រូវនឹងសាប៊ូ ឬហ្វូមទេនោះ លាងតែទឹកធម្មតាក៏បាន ប៉ុន្តែត្រូវម៉ាស្សាមុខ១ទៅ២ដងក្នុងមួយសប្តាហ៍ ។
-ស្បែកមុខប្រភេទស្ងួត
• ប្រើផលិតផលលាងមុខដែលមិនធ្វើឱ្យស្បែកស្ងួត និងមិនត្រូវលាងមុខញឹកញាប់ពេក ។
• កុំប្រើសាប៊ូដុំសម្រាប់លាងមុខ ពីព្រោះសាប៊ូដុំមាន pH ខ្ពស់ ខ្លាំងពេកសម្រាប់ស្បែកស្ងួត ។
• លាបម័សឈឺរ៉ាយសឺ រៀងរាល់ ៣ ទៅ ៤ ម៉ោងម្តង ដើម្បីកុំឱ្យស្បែកឡើងជ្រួញ និងរក្សាសំណើមស្បែកជាប្រចាំ ។
• ញ៉ាំទឹកឱ្យបានច្រើនដើម្បីការពារភាពស្ងួតពីខាងក្នុង ។
• លាបទឹកឃ្មុំ និងគ្រីម ដើម្បីផ្តល់សំណើមដល់ស្បែក ធ្វើឱ្យស្បែករលោង និង ទន់ ។
• ប្រទាលកន្ទុយក្រពើលើផ្ទៃមុខ ដើម្បីបំបាត់ភាពស្ងួត និង ស្នាមជ្រួញ ។
• ចៀសវាងប៉ះត្រូវនឹងកម្តៅ/ពន្លឺថ្ងៃ ជាពិសេសពេលអាកាសធាតុធ្លាក់ខ្យល់ និងរងារ ហើយត្រូវលាបម័សឈឺរ៉ាយសឺឱ្យបានច្រើន ។
-ស្បែកមុខធម្មតា
• ប្រើទឹកដោះគោលាងមុខ(cleansing milk)ជាប្រចាំ ដើម្បីលាងធូលីពីផ្ទៃមុខ នៅពេលត្រលប់មកផ្ទះវិញ ។
• មុខឱ្យបានម៉ត់ចត់សព្វកន្លុកកន្លៀត ដើម្បីជម្រះចោលខ្លាញ់ និង សារធាតុកខ្វក់ចេញពីស្បែក និងរន្ធញើស/រោម ។
• ប្រើម័សឈឺរ៉ាយសឺជាទៀងទាត់ ដើម្បីកុំឱ្យស្បែកប្រែជាស្ងួត ។
• ប្រើហ្វូមគ្រើម (ឬធ្វើដោយខ្លួនឯង) ១ដងក្នុង១សប្តាហ៍ ដើម្បីជម្រុះកោសិកាចាស់ៗចោល ។
• ទទួលទានអាហារសុខភាព និងទឹកឱ្យបានគ្រប់គ្រាន់ ។
• កុំប្រើផលិតផលផ្សំពីសារធាតុគីមី ។
• កុំប្រើគ្រឿងសំអាងជាប្រចាំ ។
ក្រៅពីការសម្អាត និង ប្រើផលិតផលបំប៉នដល់សុខភាពស្បែក នៅមានប្រការសំខាន់ៗមួយចំនួនទៀតដែលសុភាពនារីគួរយកចិត្តទុកដាក់បន្ថែម ៖
• គេងឱ្យបានគ្រប់គ្រាន់ ។
• កុំភ្លេចលាបគ្រីមការពារកម្តៅថ្ងៃ មុននឹងចេញទៅក្រៅ ។
• ហាត់ប្រាណជាប្រចាំ ។
• រក្សាចិត្តឱ្យសប្បាយ ស្រស់ស្រាយ និងសុទិដ្ឋិនិយម ។
• ពាក់មួក ម៉ាស បាំងឆត្រ ឬស្លៀកពាក់ការពារធូលី និងកម្តៅថ្ងៃ នៅពេលចេញក្រៅ ។
• មានជំនឿចិត្តលើសម្បុរស្បែករបស់អ្នក និងមិនគួរគិតផ្លាស់ប្តូរពណ៌ស្បែកធម្មជាតិរបស់អ្នកទេ ព្រោះថាភាពស្អាតវាស្ថិតនៅលើសុខភាពស្បែក ភាពទន់រលោង និងតឹងណែននៃស្បែក មិនថាពណ៌ស្បែកណាឡើយ ។
• ជ្រើសរើសម្លៀកបំពាក់ និងគ្រឿងអលង្ការ ឱ្យសមនឹងអត្តចរិត សម្បុរស្បែក និងកម្មវិធីដែលអ្នកចូលរួម ៕
អត្ថបទ ៖ លក្ខិណា