ចង់បានសក់ស្អាត ទន់រលោងរលាស់ ដូចធម្មជាតិ កុំរំលងគន្លឹះសំខាន់ ៥ យ៉ាងនេះ!
សក់ស្អាតប្រៀបដូចជាសម្លៀកបំពាក់លម្អសម្រស់ផ្ទៃមុខរបស់ស្រ្តី ដែលស្រ្តីមិនគួរមើលរំលង។ លើសពីនេះ សក់ស្អាតតែម្យ៉ាងនៅមិនទាន់គ្រប់គ្រាន់ទេ ចាំបាច់អ្នកត្រូវថែទាំសុខភាពសក់ឱ្យរស់រវើក និងទម្ងន់ មិនខូច ស្រួយ ឬបែកចុងទើបជាការថែទាំពេញលេញ។ ខាងក្រោមនេះ គឺជា វិធីថែរក្សាសក់ឱ្យមានសុខភាពល្អ និងស្រស់ស្អាតពីគល់សក់ដល់ចុងសក់ និងពីក្នុងសរសៃសក់ដល់ខាងក្រៅតែម្តង៖
១. ម៉ាស្សាសក់ និង ស្បែកក្បាលដោយប្រើប្រេង
វិធីនេះជួយបញ្ចូលវីតាមីនទៅក្នុងកោសិកាសក់ កែប្រែសក់ស្ងួតមកជារស់រវើកវិញ ជំរុញចរន្តឈាមក្បាល និងជំរុញដល់ការលូតលាស់នៃសក់ ។ វិធីធ្វើ៖ កម្តៅប្រេង រួចយកមកម៉ាស្សាលើស្បែកក្បាល ចាប់ផ្តើមពីផ្នែកខាងលើមុន និង ពីគល់សក់មកចុងសក់ ហើយចែកសក់ជាចំណែកៗ ម៉ាស្សាម្តងមួយផ្នែកៗរហូតដល់សព្វ ។ បន្ទាប់មកប្រើចុងម្រាមដៃម៉ាស្សាជារាងរង្វង់ ទុកចោលប្រមាណ ៣០ នាទី (ឬមួយយប់) រួចលាងចេញដោយប្រើទឹក មុននឹងកក់សាប៊ូ ។ ការកក់សក់នេះទៀតសោត ក៏មិនគួរដាក់ទឹកឱ្យជោគសក់ដែរ គួរប្រើតែសាប៊ូ និង ទឹកបន្តិចបន្តួច រួចកក់ឱ្យសព្វសក់សិន សឹមប្រើទឹកលាង និងកក់បង្ហើយតែម្តង ។ វិធីនេះ គួរធ្វើឱ្យបានយ៉ាងតិចណាស់ ១ លើកក្នុងមួយសប្តាហ៍ ។
២. លាបម្សៅកន្ទួតព្រៃលើសក់ និងស្បែកក្បាល
វិធីនេះជាវិធីដែលចាស់បូរាណចូលចិត្តប្រើដើម្បីរក្សាពណ៌សក់ និងព្យាបាលសក់ជ្រុះ ជាពិសេសនៅពេលវ័យជ្រេបន្តិច ។ វិធីធ្វើ៖ លាយម្សៅកន្ទួតព្រៃឱ្យបានជាល្បាយខាប់ៗ ហើយប្រើច្រាស/ជក់ ឬប្រើដៃតែម្តង លាបលើសក់ និង ស្បែកក្បាលដូចលាបប្រេងខាងលើ រួចប្រើមួកផ្លាស្ទិកគ្របសក់ប្រមាណ ៣០ នាទី មុននឹងលាងចេញដោយប្រើទឹកក្តៅឧណ្ហៗ ។ ប្រសិនបើអ្នកចង់បន្ទន់សក់ដែរនោះ គួរលាយម្សៅកន្ទួតព្រៃនេះជាមួយទឹកដោះគោជូរបន្តិចផង ។
៣. ចៀសវាងប្រើកម្តៅ
មានន័យថាមិនត្រូវកក់សក់ដោយប្រើទឹកក្តៅ ឬប្រើឧបករណ៍ធ្វើម៉ូដសក់ដោយប្រើកម្តៅ ពីព្រោះកម្តៅធ្វើឱ្យសក់ស្ងួត បាត់បង់សំណើម និង បែកចុង។ ប្រការដែលគួរ ធ្វើនោះ គួរសិតសក់ឱ្យបានញឹកញាប់ ដើម្បីជំរុញដល់ចរន្តនៅឫសសក់ ។
៤. អាហារជំនួយសក់
សក់គឺជាសរីរាង្គប្រហាក់ប្រហែលនឹងជាលិកាឆ្អឹងដែរ ដូចនេះ អាហារជំនួយឆ្អឹង ក៏ជាអាហារជំនួយសក់ដែរ ដូចជា ទឹកដោះគោសរីរាង្គ ឈីស ទឹកដោះគោជូរ ជាដើម ។ ក្រៅពីនេះ ការបរិភោគដូង ឬទឹកដូង ជួយឱ្យសក់ដុះមករឹងមាំ និង មានសុខភាពល្អ ដូចគ្នាដែរនឹងពពួកបន្លែស្ពៃ ។ បន្ថែមពីនេះ ការទទួលទានទឹកឱ្យបានគ្រប់គ្រាន់ ក៏ជាកត្តាគួបផ្សំជំនួយកោសិកាសក់ និងការលូតលាស់សក់បានល្អផងដែរ ។
៥. រុក្ខជាតិជំនួយសក់រូបមន្តឥណ្ឌា
រុក្ខជាតិ ប្រៀបដូចជាឱសថបូរាណសម្រាប់ប្រើប្រាស់ក្នុងការបំប៉នសុខភាពសក់ ធ្វើឱ្យសក់ក្រាស់ ភ្លឺរលោង រស់រវើក មានជាតិសំណើម និង ពណ៌ខ្មៅគួរជាទីចេតនា ។ រុក្ខជាតិជំនួយសក់ ៤ យ៉ាងសំខាន់ៗ មានដូចជា រុក្ខជាតិBhringraj, កន្ទួតព្រៃ, រុក្ខជាតិ Brahmi និង ផ្ការំយោល ។ វិធីប្រើប្រាស់ អាចប្រើជាតែសម្រាប់ឆុងញ៉ាំ ឬ សូន្យម្សៅជាគ្រាប់ថ្នាំសម្រាប់លេប ៕
អត្ថបទ ៖ លក្ខិណា