ឈប់ឆ្ងល់ទៀតថាម៉េចបានសម្បូរអ្នកជិះកង់! ជិះកង់មានប្រយោជន៍ដ៏អស្ចារ្យ ៥ យ៉ាងនេះ
ការជិះកង់ ពិតជាមានអត្ថប្រយោជន៍ច្រើនណាស់ មិនថាជិះកង់ទៅធ្វើការ ឬក៏ជិះដើម្បីកម្សាន្តនោះទេ ។ ជាក់ស្តែង បើយើងធ្វើការសង្កេតនាពេលបច្ចុប្បន្ននេះ ឃើញថាមានមនុស្សជាច្រើនកំពុងងាកមកចាប់អារម្មណ៍ជិះកង់ហាត់ប្រាណនៅតាមផ្លូវ មានសន្ទុះកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃគួរឱ្យកត់សម្គាល់ ។ តើលោកអ្នកដឹងទេថា អត្ថប្រយោជន៍ចម្បងនៃការជិះកង់មានអ្វីខ្លះ ? ខាងក្រោមនេះ ជាអត្ថប្រយោជន៍ ៥ យ៉ាងនៃការជិះកង់ ៖
១.ជួយការពារបរិស្ថាន ៖ ពិតណាស់ការជិះកង់បានចូលរួមចំណែកយ៉ាងច្រើនក្នុងការជួយការពារបរិស្ថាន ដោយជួយកាត់បន្ថយការបញ្ចេញចំហេះឧស្ម័នពីយាន្តយន្ត ដែលនាំឱ្យបំពុលបរិយាកាស និង បរិស្ថានដែលនៅជុំវិញ ។
២.កាត់បន្ថយការចំណាយលុយ ៖ ពិតជារឿងល្អមួយដែលប្រជាជនខ្មែរមួយចំនួនកំពុងងាកមករកការជិះកង់ ហើយវាបានចូលរួមចំណែកក្នុងការកាត់បន្ថយការចំណាយលុយបានមួយចំនួនធំផងដែរ ។ ការជំនួសពីការជិះម៉ូតូ ឬ រថយន្ត ប្តូរមកជិះកង់ជួយឱ្យអ្នកអាចសន្សំលុយ មិនត្រឹមតែប៉ុណ្ណោះក៏អាចជួយឱ្យអ្នកអាចសន្សំលុយបានមួយចំនួនផងដែរ ។
៣.ការបន្ថាយការកក់ស្ទះចរាចរ ៖ ជារៀងរាល់ថ្ងៃកំណើននៃម៉ូតូ និង រថយន្តមានការកើនឡើង ដែលជាហេតុនាំឱ្យមានការកក់ស្ទះចរាចរ ប៉ុន្តែការប្តូរពីការជិះម៉ូតូ ឬ រថយន្ត មកជិះកង់វិញ បានចូលរួមយ៉ាងច្រើនក្នុងការកាត់បន្ថយការកក់ស្ទះចរាចរ ដោយសារកង់មានទំហំតូច ងាយស្រួយធ្វើដំណើរ និង ងាយស្រួលក្នុងការទុកដាក់ ។
៤.ធ្វើឱ្យសុខភាពល្អ ៖ ការជិះកង់ធ្វើឱ្យអ្នកមានសុខភាពល្អ តាមរយៈការធ្វើលំហាត់ប្រាណដោយជិះកង់ ។ វាបានជួយបញ្ចេញជាតិពលមកខាងក្រៅ និង មានអត្ថប្រយោជន៍ដូចជា ធ្វើឱ្យជើងស្រឡូន រាងស្អាត ជួយសម្រកទម្ងន់ គេងលក់ស្រួល ជំនួយការចង់ចាំ ។ ជាងនេះទៅទៀត អ្នកមិនចាំបាច់ខំចំណាយពេលទៅកន្លែងហាត់ប្រាណនោះទេ គ្រាន់តែជិះកង់ជាមធ្យមឱ្យបានកន្លះម៉ោងក្នុងមួយថ្ងៃទៅបានហើយ ។
៥.អាចមើលទេសភាពគ្រប់ជ្រុងជ្រោយ ៖ ការជិះកង់ប្រៀបបានទៅនឹងការធ្វើដំណើរកម្សាន្តមួយយ៉ាងដូច្នេះដែរ ព្រោះថាកំលុងពេលអ្នកជិះកងអាចមើលទេសភាពដែលមាននៅជុំវិញខ្លួនអ្នកបានសព្វគ្រប់ជ្រុងជ្រោយ ។ លើសពីនេះ ថែមទាំងជួយឱ្យអ្នកអាចបង្កើមិត្តភាពផងដែរ ព្រោះថានៅពេលអ្នកជិះកង់ អ្នកនឹងបានជួបជាច្រើនដែលធ្វើដំណើរមកពីកន្លែងផ្សែងៗពីគ្នា ៕