ចាក់វ៉ាក់សាំងប្រឆាំងបាក់តេរី ក្នុងកំលុងពពោះជួយការពារជីវិតទារក
ដោយសារចំនួននៃការស្លាប់របស់ទារកដែលកើតមកមានការកើនឡើងនៅជុំវិញពិភពលោក អ្នកសិក្សាស្រាវជ្រាវបានសិក្សាពីឬសគល់នៃបញ្ហានេះ និង បានបង្កើតវ៉ាក់សាំងមួយជួយការពារប្រឆាំងនឹងមេរោគបាក់តេរីដែលមាននៅក្នុងខ្លួនស្ត្រីមានផ្ទៃពោះដើម្បីទប់ស្កាត់បញ្ហានេះ ។
បាក់តេរីឈ្មោះ Group B streptococcus (GBS) គឺជាមូលហេតុចំបងបណ្តាលឱ្យទារកស្លាប់ ។ កន្លងមកគេមិនបានយកចិត្តទុកដាក់នឹងចំណុចនេះទេ ។ កាលពីមុន បើយោងតាមអ្នកស្រាវជ្រាវមកពីសាលា London school of Hygiene and Tropical Medicine ក្នុងទីក្រុងឡុងដ៍ បានសិក្សាទៅលើស្ត្រីមានផ្ទៃពោះចំនួន ២១ លាននាក់ក្នុងពិភពលោក បានឱ្យដឹងថាមេរោគបាក់តេរីនេះមិនបង្កគ្រោះថ្នាក់អ្វីខ្លាំងនោះទេ ។
សព្វថ្ងៃនេះវាត្រូវបានគេទទួលស្គាល់ថា ជាមូលហេតុនៃជំងឺឆ្កួតជ្រូក និង ជំងឺរលាកស្រោមខួរក្នុងចំណោមទារកទើបកើត និង ជាមូលហេតុនៃការស្លាប់ទារកក្រោយពេលកើតផងដែរ ។ មានទារក ៤១ ម៉ឺនករណី កំពុងប្រឈមនឹងបញ្ហានេះ ក្នុងនោះ ១៤,៧ ម៉ឺននាក់បានស្លាប់ ដោយសារបាក់តេរីប្រភេទនេះ ។ ស្ត្រី ១ នាក់ក្នុងចំណោម ៥ នាក់តែងកើតមានបាក់តេរីនេះនៅក្នុងខ្លួន ដែលអាចបង្កផលលំបាកខ្លាំងដល់ទារក ។
នៅក្នុងប្រទេសអភិវឌ្ឈន៍ គេបានចាក់ថ្នាំអង់ទីប៊ីយោទិកដើម្បីការពារ និង កម្ចាត់មេរោគបាក់តេរីប្រភេទនេះ ប៉ុន្តែវាមិនបានជួយអ្វីខ្លាំងនោះទេ គឺវារឹតតែបង្កឱ្យមានភាពស៊ាំនឹងថ្នាំថែមទៀត ។ ហើយនៅក្នុងប្រទេសទាំងនោះ មានពេលខ្លះទារកកើតមកមានសុខភាពល្អ និង ស្លាប់ទៅវិញក៏មាន ដែលបញ្ហានេះគ្រូពេទ្យ និង អ្នកស្រាវជ្រាវក៏កំពុងស្វែងរកមូលហេតុផងដែរ ។ ចំពោះបាក់តេរី GBS ភាគច្រើនមិនត្រូវបានគេសិក្សា និង យកចិត្តទុកដាក់នោះទេកន្លងមក ។
អ្នកស្រាវជ្រាវទើបរកឃើញ និង បង្កើតថ្នាំវ៉ាក់សាំងថ្មីមួយ ដែលមានប្រសិទ្ធភាព ៨០ ភាគរយ កម្ចាត់បាក់តេរី GBS និង អាចជួយការពារទារកកើតមកស្លាប់បានចំនួន ២៣,១ ម៉ឺនករណីក្នុងមួយឆ្នាំៗ ៕ សុផល (ប្រភព៖ Zeenews.com)