សង្កេតខ្លួនឯងផង! បើមានអារម្មណ៍ចេះតែចង់ដេក ងើបពីគ្រែមិនរួច អ្នកអាចនឹងកើតជំងឺនេះក៏ថាបាន
ការគេងគ្រប់គ្រាន់ គឺជាកត្តាសំខាន់ណាស់សម្រាប់មនុស្សទៅ ប៉ុន្តែការគេងច្រើន គេងជ្រុលពេក ក៏អាចបង្កជាគ្រោះថ្នាក់ដល់សុខភាព ដោយមិនដឹងខ្លួនបានដែរ។
ទាក់ទងជាមួយគ្នានេះ សារព័ត៌មានថៃ Khaosod បានឱ្យដឹងថា មានជំងឺម្យ៉ាងឈ្មោះថា Dysania ជាជំងឺដែលធ្វើឱ្យពិបាកងើបចេញពីគ្រែ ធ្វើឱ្យចូលចិត្តគេងច្រើន ដែលវាអាចបង្កឱ្យមានការប៉ះពាល់ដល់សុខភាព និង ជីវិតប្រចាំថ្ងៃជាច្រើនយ៉ាង។ គ្រូពេទ្យបានឱ្យដឹងថា Dysania ធ្វើឱ្យមនុស្សញៀនគេងខុសធម្មតា ធ្វើឱ្យមនុស្សមិនមានអារម្មណ៍ងើបចេញពីគ្រែ មានអារម្មណ៍ហត់នឿយ ពេលងើបពីគេងក៏ចង់ដេកតទៀត អ្នកខ្លះក៏មានការងងុយដេកនៅពេលថ្ងៃខុសពីធម្មតាផងដែរ។
ជាធម្មតារយៈពេលសមគួរក្នុងការគេង គឺក្មេងអាយុ ៦ ដល់ ១៣ ឆ្នាំ គួរគេងពី ៩ ទៅ ១១ ម៉ោង រីឯវ័យជំទង់ ១៤ ដល់ ១៧ ឆ្នាំ គួរគេងពី ៨ ទៅ ១០ ម៉ោង ចំណែកមនុស្សចាស់ពី ១៨ ទៅ ៦៤ ឆ្នាំ គួរគេងពី ៧ ទៅ ៩ ម៉ោង ហើយបើសិនជាគេងតាមនេះហើយ នៅតែមានការហត់នឿយ ឬ ចង់គេងថែមទៀត ដែលបណ្តាលឱ្យប៉ះពាល់ដល់ការប្រើប្រាស់ជីវិតប្រចាំថ្ងៃនោះ គួរណាស់តែទៅពិភាក្សាជាមួយគ្រូពេទ្យ។
Dysania នេះដែរ អាចបណ្តាលមកពីជំងឺបាក់ទឹកចិត្ត, Fibromyalgiax, ការថយចុះនៃឈាមក្រហម, ជំងឺទឹកនោមផ្អែម, ជំងឺបេះដូងជាដើម ហើយបើសិនមិនទទួលការព្យាបាលទាន់ពេលវេលាទេ អាចនឹងធ្វើអាការៈកាន់តែធ្ងន់ទៅៗបាន ជាពិសេស បើសិនជាមានជំងឺបាក់ទឹកចិត្ត៕