អ័រម៉ូនរបស់ស្រ្តីមួយប្រភេទ អាចជួយការពារពីជំងឺគ្រុនផ្តាសាយ
ក្នុងការសិក្សាថ្មីមួយនៅសាលាវេជ្ជសាស្រ្ត Johns Hopkins Bloomberg School of Public Health បានរកឃើញថា អ័រម៉ូនប្រូជេស្ទេរ៉ូន (progesterone) របស់ស្រ្តីមានមុខងារជួយទប់ស្កាត់មិនឱ្យឆ្លងមេរោគគ្រុនផ្តាសាយបាន ។ អង្គការសុខភាពពិភពលោកក៏បានរាយការណ៍ដែរថាស្ត្រីវ័យក្មេងជាង ១០០ លាននាក់នៅជុំវិញពិភពលោកកំពុងប្រើវិធីពន្យាកំណើតថ្នាំមានផ្ទុកសារធាតុអ័រម៉ូនប្រូជេស្ទេរ៉ូន ។ គួរបញ្ជាក់ថាស្រ្តីគឺជាអ្នកងាយទទួលរងកើតជំងឺគ្រុនផ្តាសាយជាងបុរសដល់ទៅ ២ ដង ។
អង្គការសុខភាពពិភពលោកក៏បានចុះបញ្ជីនូវវិធីពន្យារកំណើតតាមរយៈការប្រើថ្នាំដែលមានផ្ទុកសារធាតុអ័រម៉ូននេះជាផ្លូវការរួចហើយដែរ ព្រោះវាមានសារសំខាន់មិនត្រឹមតែជួយពង្រឹងសុខភាពស្រ្តីនោះទេ ប៉ុន្តែវាថែមទាំងអាចជួយពន្យាកំណើត បន្ថយអត្រាមរណភាពរបស់ម្តាយ និង ធ្វើឱ្យទារកកើតមកមានសុខភាពល្អថែមទៀតផង ។ លទ្ធផលនៃការសិក្សានេះបានចេញផ្សាយក្នុងទស្សនាវដ្តីស្រាវជ្រាវ PLOS Pathogens ៕ សុផល (ប្រភព៖ sciencedaily.com)