ព្រោះតែពាក្យថាមិនអីៗ លេបតែប៉ារ៉ាបាត់ឈឺ បុរសម្នាក់ ត្រូវគាំងខូចសន្លាក់ដៃជើង ដោយសារលើសជាតិអាស៊ីត
នាពេលថ្មីនេះ ហ្វេសប៊ុកផេកមួយឈ្មោះ វេជ្ជបណ្ឌិត កម្ពុជា បានបង្ហោះសារចែករំលែកជាចំណេះដឹងក្នុងបណ្ដាញសង្គមថា បុរម្នាក់អាយុ ៣៩ ឆ្នាំត្រូវបានគាំងខូចសន្លាក់ដៃ ជើង ដោយសារតែជំងឺលើសជាតិអាស៊ីត។
ជាក់ស្ដែង សារបង្ហោះបានឱ្យដឹងថា ព្រោះតែគិតថាមិនអី លេបតែថ្នាំប៉ារ៉ា គឺបាត់ឈឺហើយ ទើបបុរសជាអ្នកជំងឺវ័យ ៣៩ ឆ្នាំ រូបនោះ កើតមានបញ្ហាគាំងខូចសន្លាក់។ សារបង្ហោះរបស់ផេក បានឱ្យដឹងទៀតថា អ្នកលើសជាតិអាស៊ីត ក៏ប្រហែលជានឹងមានជំងឺទឹកនោមផ្អែមដោយមិនដឹងខ្លួនដែរ ប៉ុន្តែជំងឺលើសជាតិអាស៊ីតរ៉ាំរ៉ៃ អាចស្តែងចេញជាអាការឈឺសន្លាក់ កាន់តែច្បាស់គឺឈឺនៅសន្លាក់គល់ៗ និង ភាគច្រើនឈឺនៅមេជើង ហើយក៏អាចសម្គាល់បានថា វាឈឺកាន់តែខ្លាំងពេលទទួលទានស្រាបៀ សាច់ ច្រើន។
មិនតែប៉ុណ្ណោះ អាស៊ីត ដែលលើសមិនត្រឹមតែទៅបំផ្លាញឱ្យសន្លាក់គាំងឈឺទេ វាថែមទាំងបញ្ចេញតាមតម្រងនោម ហើយអាចកកជាគ្រោះតម្រងនោម ជំងឺខ្សោយតម្រងនោម និង អាចឈានដល់ការលាងឈាមក៏មានដែរ។ លើសពីនេះទៀត ការលើសជាតិអាស៊ីត ក៏អាចជាសញ្ញាមួយឱ្យអ្នកជំងឺមានអារម្មណ៍ថា ប្រហែលជាមានវិបត្តិមេតាបូលិក វិបត្តិនេះរួមមានលើសខ្លាញ់ លើសជាតិស្ករ លើសសម្ពាធឈាម លើសទម្ងន់ជាដើម។
ជាមួយគ្នានេះដែរ សារបង្ហោះបានរៀបរាប់ឱ្យដឹងទៀតថា អ្នកជំងឺអាយុ ៣៩ ឆ្នាំរូបនោះ ចាប់មានអការឈឺសន្លាក់ មេជើងប្រហែលជា ៤ ឆ្នាំមកហើយ និង បានដឹងថាការឈឺនេះ បណ្ដាលមកពីលើសជាតិអាស៊ីត ប៉ុន្តែលោកបានទិញថ្នាំមកពិសារដោយខ្លួនឯង រួចក៏មានអការធូរស្បើយទៅវិញ ហើយការឈឺបែបនេះ ចេះតែបន្តឈឺបាត់ៗចុះឡើងៗ និង បន្តប្រើថ្នាំ ដោយពុំបានជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតត្រឹមត្រូវ រហូតចាប់ផ្ដើមមានអារម្មណ៍ថារូបរាងសន្លាក់ប្រែប្រួល។
គួរបញ្ជាក់ដែរថា សម្រាប់ការព្យាបាលគ្រូពេទ្យបានណែនាំឱ្យមានរបបអាហារត្រឹមត្រូវ ធ្វើលំហាត់ប្រាណ និង លេបថ្នាំពេទ្យតាមវេជ្ជបញ្ជា។ ហើយបើដឹង ឬសង្ស័យថាលើសជាតិអាស៊ីត គួរទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត ស្វែងរកជំងឺលាយលំផ្សេងៗ ដូចជា លើសខ្លាញ់ លើសឈាម លើសស្ករ និង ទទួលការព្យាបាលបានទាន់ពេលវេលា៕
ប្រភព និង រូបភាព ៖ វេជ្ជបណ្ឌិត កម្ពុជា